(ស្វាយរៀង)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ឬគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដឹកនាំដោយលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីឈ្វេងយល់យល់អំពីប្រសិទ្ធសភាព និងបញ្ហាប្រឈម និងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ នៅសាលាខេត្តស្វាយរៀង។

ការដឹកនាំគណៈប្រតិភូនាថ្ងៃនេះ គឺដើម្បីបំពេញមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ព្រមទាំងធានាក្នុងការប្រមូលព័ត៌មានដែលពាក់នឹងការអនុវត្តច្បាប់ ដែលជាវិស័យនៃសមត្ថកិច្ចរបស់គណៈកម្មការ។

លោក ម៉ម ប៊ុននាង បានលើកឡើងថា ព្រឹទ្ធសភាប្រជុំសាមញ្ញ២ដង ក្នុង១ឆ្នាំ ហើយសម័យប្រជុំនីមួយៗមានរយៈពេល៣ខែ និងរយៈពេល៣ខែទៀត ស្ថិតក្នុងចន្លោះសម័យប្រជុំ ជាពេលដែលគណៈកម្មការទាំង១០ ត្រូវបំពេញបេសកកម្ម ចុះតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហានានាទាក់ទងនឹងវិស័យរបស់គណៈកម្មការ។ ជាក់ស្តែងគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ចុះបេសកកម្មមកខេត្តស្វាយរៀងនាពេលនេះ គឺដើម្បីឈ្វេងយល់អំពីៈ«វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់រដ្ឋបាលស្រុកខេត្តស្វាយរៀង ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានឡើងថ្លែងនូវការស្វាគមន៍ ចំពោះគណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងទឹកដីខេត្តស្វាយរៀង។ លោកបានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការងារសង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ ក្នុងនោះការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើរពុករលួយ រដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់ប្រភេទ ជាពិសេសពង្រឹងវិធានការអប់រំ បង្ការ និងទប់ស្តាប់ ដែលធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែមានតម្លាភាព មានប្រសិទ្ធភាព ប្រកបដោយប្រសិទ្ធផល ដើម្បីសម្រេចគោលដៅបម្រើប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។

អភិបាលខេត្តរូបនេះបានបញ្ជាក់ថា ការកំណែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋបាលខេត្តសង្កេតឃើញថា មានការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់ នេះគឺជាសមិទ្ធផលសម្រេចបានរបស់ខេត្ត ក៏ដូចជាបណ្តាវិស័យជំនាញក្នុងខេត្ត ដែលក្នុងនោះមានបញ្ហាសេសសល និងទិសដៅថ្មីៗ ដែលខេត្តបានដាក់ចេញត្រូវអនុវត្តជាបន្ត ថ្នាក់ដឹនាំខេត្ត និងជំនាញគ្រប់ថា្នក់ បាននឹងកំពុងខិតខំ និងបេ្តជ្ញាក្នុងការពុះពាររួមគ្នាដោះស្រាយ ឱ្យកាន់តែមានប្រសិទ្ធភាថែមទៀត។

លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ ចំពោះលោកអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកកម្ពស់ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ធ្វើឲ្យការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានខេត្តស្វាយរៀង មានការអភិវឌ្ឍឈានឡើងគួរឲ្យកត់សម្គាល់ ។

លោក ម៉ម ប៊ុននាង បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ក្នុងការប្រុទ្ធប្រឆាំងអំពើពុករលួយ ការរំលោភអំណាច ជាពិសេសចូលរួមទប់ស្តាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា នឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ និងព្រឹទ្ធសភា ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានដោះស្រាយឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

បន្ទាប់មកនៅថ្ងៃដដែលនោះ គណៈប្រតិភូគណៈកម្មការ ទី១០ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងក្រុមប្រឹក្សាក្រុង ប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិត កងកម្លាំប្រដាប់អាវុធទាំងបីប្រភេទ ដឹកនាំដោយលោក លឹម សៀងហេង អភិបាលក្រុងបាវិត ដើម្បីសិក្សាឈ្វេងយល់អំពី វឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច លទ្ធផលនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានាដែលអាជ្ញាធរក្រុងបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ គណៈប្រតិភូក៏បានចុះពិនិត្យមើលសកម្មភាពគ្រប់គ្រងច្រកទ្វារព្រំដែន ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងពិនិត្យសកម្មភាពជាក់ស្តែងនៃការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋនៅតាមច្រកទ្រារព្រំដែនអន្តរជាតិបាវិតផងដែរ៕