(ភ្នំពេញ)៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សម្រាប់មន្រ្តីដែលត្រូវទៅបម្រើ នៅមជ្ឈមណ្ឌលជាតិនៅខេត្តព្រះសីហនុ។

ពិធីនេះធ្វើឡើងក្រោមអធិបតីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានសិក្ខាកាមមកពីមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីពីក្រសួងសុខាភិបាល និងមន្រ្តីពីមណ្ឌលកងពលលេខ៣១ខេត្តកំពត និងឱកាសថ្មី ខេត្តក្រចេះ។

លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង បានថ្លែងស្វាគមន៍ និងរបាយការណ៍ថា កម្ពុជាប្រកាន់ខ្ចាប់ខ្ជួននូវវិធានការបង្ការទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌលបណ្តោះអាសន្ននានា។ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ កម្ពុជា គ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន១២,៩៤២នាក់ ក្នុងនោះ៖

*អ្នកដែលបានជាសះស្បើយពីគ្រឿងញៀន និងធ្វើសមាហរណកម្មចេញពីមណ្ឌល មានចំនួន៤,៨៣៩នាក់
*អ្នកញៀនគ្រឿងញៀន ដែលបន្តធ្វើការបន្សាបព្យាបាល នៅតាមមណ្ឌលបណ្តោះអាសន្ន មានចំនួន៤,០៦៣នាក់
*អ្នកញៀនគ្រឿងញៀន ដែលបានមកទទួលសេវាពិនិត្យព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល ក្នុងរាជធានី-ខេត្ត មានចំនួន៣,៣៨២នាក់ ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងអំណរគុណក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលតែងតែផ្តល់កិច្ចសហការល្អ គាំទ្រគ្នាទៅវិញទៅមកសំដៅពង្រឹង ប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀន លើគ្រប់វិស័យ ដើម្បីសុខមាលភាពប្រជាពលរដ្ឋប្រទេសយើងទាំងពីរកម្ពុជា-ថៃ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងស្របពេលដែលកម្ពុជា រៀបចំដាក់ឲ្យដំណើរការ នៅមជ្ឈមណ្ឌលជាតិផ្តល់សេវា ព្យាបាលដោយស្ម័គ្រ និងផ្អែកលើសហគមន៍ដល់អ្នកញៀនគ្រឿងញៀន ខេត្តព្រះសីហនុ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ចំពេលខួប៧០ឆ្នាំ នៃចំណងសាមគ្គីភាពមិត្តភាពកម្ពុជា-ថៃ។

ទន្ទឹមនឹងនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តជំរុញឲ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ពង្រឹងនិងបង្កើតគណៈកម្មការ សម្របសម្រួលសម្រាប់ការព្យាបាល អ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ នៅតាមឃុំ-សង្កាត់ ដើម្បីគាំទ្រឲ្យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀន មានភាពងាយស្រួលទៅទទួលយកសេវាព្យាបាលនៅតាមមណ្ឌល សុខភាព មន្ទីរពេទ្យបង្អែក ដោយមិនគិតថ្លៃ មានចំនួន៤៥០កន្លែង និងលើកកម្ពស់ការថែទាំបន្ត នៅតាមសហគមន៍ដោយបាន និងកំពុងជំរុញការងាររៀបចំទិន្នន័យអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿង ញៀន ឲ្យស៊ីសង្វាក់គ្នារវាងស្ថាប័នអនុវត្តច្បាប់ ជាមួយនឹងស្ថាប័នផ្តល់សេវាសុខភាពសាធារណ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងមានរយៈពេលបីថ្ងៃ ថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២០ ហើយមានចែករំលែក នូវបទពិសោធន៍ផ្នែកច្បាប់ ផ្នែកទ្រឹស្តី និងការអនុវត្តការងារជាក់ស្តែង៕