(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យ អគ្គនាយកពន្ធនាគារថ្មី ទប់ស្កាត់ និងលុបបំបាត់ការលួចទាក់ទងតាមទូរស័ព្ទ ពីក្នុងពន្ធនាគារចេញមកខាងក្រៅពីសំណាក់អ្នកជាប់ឃុំ។

ការបញ្ជាបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាយ៉ាងដូច្នេះថា៖ «សន្តិសុខកន្លងទៅ ការពិតទូទៅយើងធ្វើបានល្អហើយ ក៏ប៉ុន្តែ ការគ្រប់គ្រងទំនាក់ទំនងចេញមកក្រៅបញ្ហានេះ យើងត្រូវប្តេជ្ញាត្រូវធ្វើឱ្យបាន កុំឱ្យការទាក់ទងមកក្រៅថែមទៀត លួចទូរស័ព្ទយកចូលអីអញ្ចឹង នេះជាបញ្ហា ខ្ញុំជឿថាយើងរៀបចំវិធានការជាក់លាក់ កន្លងទៅយើងបានដោះស្រាយបញ្ហាបានមួយចំនួន ដោយមានការវិនិយោគ ពីវិស័យឯកជនតែមិនបានទទួលជោគជ័យទេ អញ្ចឹងហើយសុំឱ្យបន្តធ្វើកិច្ចការងារនេះបន្តទៀត»

ត្រង់ចំណុចនេះ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា បញ្ហារបស់មន្ត្រីយើង ក៏នៅតែជាបញ្ហាប្រឈមមួយផងដែរ។ មន្ត្រីអនុរ័ក្សពន្ធនាគារ បច្ចុប្បន្ននេះ កម្ពុជាមានចំនួន ៣,០៧៤នាក់ ដែលចំនួននេះ មានការខ្វះខាតនៅឡើយ ដូច្នេះ តម្រូវឱ្យមានការបង្កើនចំនួនផងដែរ។

គួរជម្រាបថា អគ្គនាយកដ្ឋានពន្ធនាគារ បានចេញសេចក្តីណែនាំបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ នៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត គឺអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ។

នាពេលកន្លងមកនេះ ជនជាប់ចោទ និងឧក្រិដ្ឋជនមួយចំនួនបានប្រើប្រាស់ទូរស័ព្ទនៅក្នុងពន្ធនាគារ ដោយទំនាក់ទំនង ជាមួយបក្ខពួកខ្លួននៅខាងក្រៅរហូតអាចបញ្ជាចេញពីក្នុងពន្ធនាគារឱ្យប្រព្រឹត្តអំពើឧក្រិដ្ឋធំៗ មួយចំនួនផងដែរ ដូចជា ករណីជួញដូរគ្រឿងញៀន និងការប្លន់ប្រដាប់អាវុធជាដើម៕