(កោះកុង)៖ លោក ដុំ យុហៀន តំណាងរាស្រ្តមណ្ឌលកោះកុង និងមានការអមដំណើរដោយ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត និងក្រុមការងារ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខសំណេះសំណាល និងពាំនាំគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥៥គ្រួសារ និងសំណេះសំណាលសួរសុខទុក្ខ ដល់មន្ត្រីរាជការស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

ក្នុងឱកាសនោះ លោក ដុំ យុហៀនតំណាងរាស្រ្ដមណ្ឌលកោះកុង បានថ្លែងឲ្យដឹងថា ដោយជំងឺឆ្លងកូវីដ១៩ មិនបានបាត់បង់ពីពិភពលោក រួមទាំងគ្រោះមហន្តរាយធម្មជាតិ បាតុភូតផ្គរ រន្ទះ ព្យុះភ្លៀងខ្យល់កន្ត្រាក់ ដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ របស់បងប្អូនជាពិសេសអ្នករស់តាមកោះតែម្តង តែទោះបីយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់មូលដ្ឋាន និងកាកបាទក្រហមកម្ពុជា មិនប្រងើយកន្តើយឡើយដែរ ព្រោះនេះជាកាតព្វកិច្ចតួនាទី របស់អាជ្ញាធរដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន ដែលជួបបញ្ហាហេតុអ្វីមួយដែលកើតឡើង។

លោកតំណាងរាស្រ្ត បានថ្លែងបន្តថា ទោះបីបងប្អូនជួបបញ្ហាណាក៏ដោយ ក៏ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមការងារសាខាកាកបាទកម្ពុជា ចុះជួយដោះស្រាយបងប្អូនជានិច្ចដោយមិនថា នៅទីជិតឬឆ្ងាយយប់ ថ្ងៃ ព្យុះភ្លៀងឡើយ ឲ្យតែក្រុមការងារទទួលបានព័ត៌មាន ក្រុមការងារចុះដល់ទីតាំងនោះភ្លាមៗ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សប្បុរ ឬនិន្នាការនយោបាយបក្សណាមួយឡើយ ហើយក៏មិនមានការប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះ លោកតំណាងរាស្រ្ត ក៏អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ ហើយបងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឲ្យបានល្អ ដើម្បីការពារជំងឺឆ្លងកូវីដ១៩ និងការពារជំងឺឆ្លងផ្សេងៗទៀត ដូច្នេះយើងត្រូវធ្វើអនាម័យ ថែរក្សាបរិស្ថានជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និងកាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ១៩ និងតាមការផ្សព្វផ្សាយអបរំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប់ជានិច្ច។

សម្ភារ និងគ្រឿងឧបភោគបរិភោគមាន៖ អង្ករ២៥គីឡូក្រាម ម៉ីម៉ាម៉ា១កេះ គ្រឿងឧបភោគបរិភោគក្រម៉ា១ និងថវិកាមួយចំនួន។ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត បានផ្តល់ថវិកាជូនមន្ត្រីមូលដ្ឋានមាន៖ អធិការដ្ឋាននគរបាលស្រុកចំនួន១០០ដុល្លារ បញ្ជាការដ្ឋានអាវុធហត្ថស្រុកចំនួន១០០ដុល្លារ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សិករងស្រុក ចំនួន១០០ដុល្លារ ប៉ុស្តិ៍រដ្ឋបាលចំនួន១០០ដុល្លារ មណ្ឌលសុខភាពចំនួន១០០ដុល្លារ សាលាកោះស្តេចចំនួន១០០ដុល្លារ សាលាឃុំភ្ញីមាស ចំនួន១០០ដុល្លារ៕