(ពោធិ៍សាត់)៖ ហាងកាហ្វេ Amazon ត្រូវបានគេមើលឃើញថា កំពុងបើកដំណើរការរីកដូចផ្សិតនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ កាហ្វេ Brand របស់ប្រទេសថៃមួយនេះ បានពង្រីកសាខារបស់ខ្លួនរហូតដល់រាប់រយហើយនៅកម្ពុជា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ហាងកាហ្វេ Amazon សាខាខេត្តពោធិ៍សាត់ ត្រូវបានបើកដំណើរការសាកល្បងជាមួយនឹងសេវាកម្មដ៏ល្អពេញចិត្ត និងកក់ក្តៅបំផុត ដែលមានអាសយដ្ឋាន តាមបណ្តោយផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក Teng So Keat ម្ចាស់ហាង Amazon សាខាខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា ហាងកាហ្វេ Amazon សាខាថ្មីនេះ ទទួលបានទិញសិទ្ធិស្របច្បាប់ពីក្រុមហ៊ុន PTT នៅប្រទេសថៃ ដើម្បីបើកដំណើរការនៅកម្ពុជា។ ការទិញសិទ្ធិបើកហាង Amazon នៅក្រៅស្ថានីយរបស់ PTT គឺចំណាយ ៨ពាន់ដុល្លារ ចំណែកនៅក្នុងស្ថានីយ៍របស់ PTT មិនចំណាយលើការទិញសិទ្ធិនោះទេ។

លោក Teng So Keat បានបន្តថា ហាងកាហ្វេរបស់លោក បានបោះទុនជាង ៣០ម៉ឺនដុល្លារ ក្នុងការបើកដំណើរការ ដោយចំណាយលើការតុបតែងលំអរហាង ទីធ្លាចតរថយន្ត បន្ទប់ទឹក និង Mart ប្រកបដោយបរិយាកាសទាក់ទាញដ៏ទាន់សម័យ រួមផ្សំនឹងការនាំចូលរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងមានច្រើនជម្រើស ទទួលទានហើយ មិនប៉ះពាល់ដល់សុខភាព សម្រាប់អតិថិជនគ្រប់វ័យ ជាពិសេសសម្រាប់យុវវ័យ។

ម្ចាស់ហាង Amazon សាខាខេត្តពោធិ៍សាត់រូបនេះ បានបន្ថែមថា ដោយស្ថានភាពកូវីដ១៩ កំពុងរីករាលដាលជាសកលនោះ យើងបានបើកដំណើរការសាកល្បងសិន ដោយឡែក នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ខាងមុខនេះ យើងនឹងបើកដំណើរការជាផ្លូវការ ហើយដែលអាចស្ថិតក្នុងអធិបតីភាព អភិបាលនៃគណៈអភិបាលខេត្ត និងតំណាងអ្នកចែកចាយកាហ្វេ Amazon របស់ក្រុមហ៊ុន PTT ដ៏ធំប្រចាំនៅប្រទេសថៃ៕