(ស្វាយរៀង)៖ បុរសចិត្តភ្លើងម្នាក់ ផឹកស្រាស្រវឹងកើតក្តីប្រចណ្ឌ បានយកដំបងឫស្សី វាយប្រពន្ធរហូតស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៨៖៣០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងចំណុចភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួល បានឱ្យដឹងថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្ដាយឱ្យជនរងគ្រោះស្លាប់បាត់ជីវិត បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ា រ៉េត អាយុ៣៨ឆ្នាំត្រូវជាប្ដី រស់នៅភូមិឃុំកើតហេតុខាងលើ បានយកដំបងឫស្សីប្រវែងកន្លះម៉ែត្រ វាយទៅលើឈ្មោះ ម៉ៅ ណេន អាយុ ៣១ឆ្នាំ ជាប្រពន្ធពីក្រោយបណ្តាលឱ្យស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីធ្វើសកម្មភាពរួច ប្ដីចិត្តភ្លើងនេះបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចដដែលបានបញ្ជាក់ថា មូលហេតុមូលហេតុដែលបណ្ដាលឱ្យ បុរសជាប្ដីវាយប្រពន្ធរហូតស្លាប់បែបនេះ ដោយសារផឹកស្រាស្រវឹងកើតភ្លើងប្រចណ្ឌប្រពន្ធ ក៏យកបងឫស្សី វាយប្រពន្ធតែម្ដងទៅ។

បច្ចុប្បន្ន ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕