(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានក្រើនរំឮកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលនឹងមកទស្សនាកម្សាន្ដ នៅខេត្តសៀមរាប ក្នុងរយៈពេលកម្មវិធីកម្សាន្ដសប្បាយ «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សម្រាក នៅសប្ដាហ៍ខាងមុខនេះ ត្រូវពង្រឹងវិធានការការពារសុវត្ថិភាពសង្គម ដើម្បីចូលរួមការពារការរាតត្បាត នៃជំងឺកូវីដ-១៩។

លោក ទៀ សីហា បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តសៀមរាបថា សម្រាប់អ្វីដែលយើងជៀសមិនផុត គឺរដ្ឋបាលខេត្តត្រូវរៀបចំកម្មវិធីថ្ងៃសងឈប់សម្រាកនេះ ទោះបីយើងមិនរៀបចំក៏ប្រជាពលរដ្ឋ ភ្ញៀវទេសចរ គាត់នឹងមកទស្សនាកម្សាន្ដ នៅខេត្តសៀមរាបយើងដែរ ក្នុងរយៈពេលថ្ងៃឈប់សម្រាកខាងមុខនេះ។ នៅខេត្តសៀមរាប បាននឹងកំពុងត្រៀមខ្លួនហើយ ក្នុងការទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកនេះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

លោកបានបន្តថា ពេលនេះវាគឺជាឱកាសផង និងជាហានិភ័យផង ខាងរដ្ឋបាលខេត្ត និងគ្រប់ភាគីដែលជាប់ពាក់ព័ន្ធ កំពុងតែព្យាយាមធ្វើយ៉ាងណា នៅកន្លែងដែលរៀបចំកម្មវិធីនេះ គឺត្រូវឱ្យមានគម្លៀតសុវត្ថិភាពទេសចរណ៍ ទាំងសុវត្ថិភាពសុខាភិបាល ឱ្យស្របតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក។

អភិបាលខេត្តសៀមរាបរូបនេះ បានគូសបញ្ជាក់ថា អ្វីដែលសំខាន់នោះ គឺយើងត្រូវចូលរួមក្នុងការទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា តាមរយៈទី១៖ សូមកុំភ្លេចយកម៉ាស់ ឬក្រម៉ា មកជាមួយ ដោយពាក់ជាប់ជានិច្ចផង, ទី២៖ កុំភ្លេចយកជែល ឬអាល់កុលលាងដៃ (ហើយគណៈកម្មការរៀបចំកម្មវិធី ក៏បានត្រៀមសាប៊ូលាងដៃ ជូននៅតាមទីសាធារណផងដែរ) និងទី៣៖ កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារ ការរាតត្បាតនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា រដ្ឋបាលខេត្ត ដោយមានការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា បាននិងកំពុងរៀបចំតុបតែង លម្អស្ទឹងសៀមរាប ដើមី្បធ្វើឱ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលនឹងមកទស្សនាកម្សាន្ដ នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់។ ការរៀបចំលម្អរស្ទឹងនេះដែរ គឺដើមី្បរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និងរុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឱ្យកាន់តែមានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាក់ខាងមុខនេះ។

ចំពោះកម្មវិធី គឺមានដូចជាទី១៖ កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ, ទី២៖ កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២, ទី៣៖ កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប, ទី៤៖ ផ្សារទឹក, ទី៥៖ ផាប់ស្ទ្រីត, ទី៦៖ កម្មវិធីជិះកង់, ទី៧៖ កម្មវិធីកីឡាវាយកូនហ្គោល, ទី៨៖ កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន, និងទី៩៖ មានកម្មវិធីផ្ទាំងទស្សនីយភាពសិល្បៈ៕