(ភ្នំពេញ)៖ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា និងជាអ្នកជំនាញក្នុងវិស័យទេសចណ៍ជាង២០ឆ្នាំមកនេះ បានបង្ហាញពី យុទ្ធសាស្រ្ដមួយចំនួន ក្នុងការស្ដារឡើងវិញ នៃវិស័យទេសចរណ៍នៅកម្ពុជា បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីជំងឺកូវីដ១៩ ដែលធ្វើឲ្យកម្ពុជាបាត់បង់ចំណូលរាប់ពាន់លានដុល្លារពីវិស័យនេះ។

ថ្លែងឲ្យដឹងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» ទូរទស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «ការស្រោចស្រង់វិស័យទេសចរណ៍កម្ពុជាឡើងវិញ» លោក ហូ វណ្ឌី បានឲ្យដឹងថា «ដើម្បីអាចស្រោចស្រងវិស័យទេសចរណ៍ ឲ្យមានឱនភាពឡើងវិញ គឺត្រូវចេះបំលែងខ្លួន, ចំណែកអ្នកផ្គត់ផ្គង់នៅទីកន្លែងដូចជា សណ្ឋាគារ, ផ្ទះសំណាក់ សូមមេត្តាពង្រឹងនូវសេវាកម្ម ពង្រឹងនូវគុណភាពរបស់ខ្លួន។ ចំណែកឯភោជនីយដ្ឋាន, អាហារដ្ឋានសុំមេត្តាពង្រឹងខ្លួន ព្រោះ នេះអាចក្លាយជាឱកាសរបស់យើង ដូច្នេះសុំមេត្តាគិតគូររឿងគុណភាពសេវាកម្មរបស់ខ្លួនឡើងវិញ ជាពិសេស គឺការផ្ដល់នូវតម្លៃមួយ សមស្របដល់អ្នកទេសចរណ៍ក្នុងស្រុក ព្រមទាំងផ្ដល់នូវសេវាកម្មមួយ ដែលមានគុណភាពជាក់លាក់»

លោកថ្លែងបន្ដថា ទន្ទឹមនឹងនេះអ្នកផ្គត់ផ្គង់នឹងទីកន្លែង តាមភោជនីយដ្ឋានផ្សេងៗ ទាំងស្ថាប័នរដ្ឋ និងឯកជន សូមមេត្តាចាប់ផ្ដើមពីពេលនេះទៅ ព្រោះបងប្អូនពលរដ្ឋដែលធ្វើដំណើរទៅក្រៅប្រទេស ក្នុងមួយឆ្នាំៗជាងមួយលាននាក់ ដូច្នេះនេះជាឱកាសរបស់អ្នកទាំងអស់គ្នា ព្រោះពួកគាត់ទាំងនោះ មិនបានធ្វើដំណើរដើរកំសាន្ដទៅក្រៅប្រទេសនោះទេ ប៉ុន្ដែធ្វើដំណើរកំសាន្ដនៅក្នុងស្រុកវិញ ដូច្នេះសូមមេតា្តទាក់ចិត្ត ទាក់កាយគាត់ឲ្យនៅទីនេះ ព្រោះបើភ្ញៀវទេសចរនៅក្បែរយើង ចំណូលនឹងចូលមកមិនខាន។

លោក ហូ វណ្ឌី បានបន្ថែមថា បងប្អូនដែលជាមន្រ្ដីរាជការក្ដី ស្ថាប័នពាក់ព័ន្ធក្នុងវិស័យសាធារណៈ សូមពង្រឹងនូវអនាម័យ, សណ្ដាប់ធ្នាប់ និងការតុងតែង ព្រោះនេះជារឿងសំខាន់ ដែលអ្នកទេសចរទាំងអស់ត្រូវការ។

ទីប្រឹក្សាសមាគមរូបនេះបញ្ជាក់ថា ការប៉ះពាល់ពីជំងឺកូវីដ១៩នេះ មិនប៉ះពាល់ត្រឹមតែនៅកម្ពុជាឡើយ ប៉ុន្ដែបានប៉ះពាល់ទូទាំងពិភពលោក។ ប្រសិនបើជំងឺកូវីដ១៩ ផុតរលត់ពីពិភពលោក យើងនឹងពង្រឹងនូវវិធីសាស្រ្ដជាច្រើន ដើម្បីពង្រឹងវិស័យទេសចរណ៍នៅកម្ពុជា។

លោកឲ្យដឹងទៀតថា ជាក់ស្ដែងនៅក្នុងខែនេះ រាជរដ្ឋាភិបាលបានសងថ្ងៃឈប់សម្រាក ដែលមានរយៈពេលរហូតដល់៥ថ្ងៃឯណ្ណោះ ដូច្នេះមានបងប្អូនពលរដ្ឋមួយចំនួន បានដាក់គម្រោងក្នុងការដើរលេង ចំណែកឯអ្នកឆ្លង និងកើតជំងឺកូវីដ១៩ ក៏មានសភាពធូរស្បើយផងដែរ។

គោលដៅសំខាន់ៗដែលបងប្អូនប្រជាពលរដ្ឋ គ្រោងនឹងដើរលេង មាន៣គោលដៅរួមមាន៖

១៖ ខេត្តមណ្ឌគីរី ប៉ុន្ដែការផ្គត់ផ្គង់កន្លែងស្នាកនៅ កន្លែងទទួលទាន គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
២៖ តំបន់ឆ្នេរ ការផ្គត់ផ្គង់នៅតំបន់ឆ្នេរ នាពេលបច្ចុប្បន្ននេះមានភាពគ្រប់គ្រាន់ ដូច្នេះបងប្អូនប្រជាពលរដ្ឋអាចដំណើរកំសាន្ដបាន។
៣៖ ខេត្តសៀមរាប ទោះបីជាយ៉ាងណាខេត្តសៀមរាបជាខេត្ត ដែលមិនអាចចោលបាន៕