(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត ជាករណីនាំចូលពីប្រទេសឥណ្ឌូនេស៊ី។ ទន្ទឹមនឹងការរកឃើញអ្នកកើតជំងឺកូវីដ១៩ ករណីថ្មី ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់ថ្មីនេះរួមមាន៖

* បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

* បុរសអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

* បុរសអាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ក្រសួងបានឱ្យដឹងថា បុរសទាំងបីនាក់នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមក ដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានបញ្ជូនឱ្យមកបន្តធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសវីដ១៩។

បច្ចុប្បន្ន អ្នកជំងឺទាំង៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។

ដោយឡែកអ្នកដែលព្យាបាលឱ្យជាសះស្បើយរួមមាន៖ បុរសអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, បុរសអាយុ ៣២ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បុរសទាំងពីរនាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាស្បើយ និងទទួលពីលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលចាក់អង្រែ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា មានអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន ២៥១នាក់ ស្ត្រី ៤៩នាក់ និងបុរស ២០២នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២១៩នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៣នាក់។

ដោយឡែកអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៣២នាក់។ ក្នុងនោះសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០២នាក់ (ស្ត្រីជនជាតិកាណាដា ០១នាក់ និងស្ត្រី ជាកងទ័ពមួកខៀវ ០១នាក់ ដែលបានបញ្ជូនមកពីមន្ទីរពេទ្យជ័យជំនៈខេត្តកណ្ដាល នៅថ្ងៃ ទី០៩ ខែសីហា ឆ្នាំ២០២០)។

សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ២៤នាក់ (ជាបុរស), នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ០២នាក់ ជាបុរស និងនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ មានចំនួន ០៣នាក់ ជាបុរស។ រីឯស្ត្រីជនជាតិកាហ្សាក់ស្តង់១នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យឯកជនមួយនៅរាជធានីភ្នំពេញ៕