(ស្ទឹងត្រែង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ ១២៦គ្រួសារ ដែលរស់នៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

សកម្មភាពខាងនេះបានប្រព្រឹត្តទៅនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តវេឡុវ័ន ភូមិស្រែឫស្សី ឃុំស្រៃឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការបានពាំនាំព្រះរាជបន្ទូលរបស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជាសម្តេចម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានយាង-អញ្ជើញដោយផ្ទាល់ ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ជាពិសេសគឺជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់ប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ចែកអំណោយ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ និងការបង្ការជំងឺឆ្លងនានាដែលអាចកើតមាននៅក្នុងរដូវវស្សានេះ។

លោកស្រី ពុំ ចន្ទីនី បានអំពាវនាវដល់ប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនារដូវវស្សានេះ ជាពិសេសការកើតតឡើងវិញនូវជំងឺគ្រុនឈីក (CHIK) ខណៈជំងឺនេះបានរាលដាលដល់១៥ខេត្តហើយនៅក្នុងប្រទេសកម្ពុជា ដែលអាចជាបញ្ហាសុខភាពសាធាណៈមួយទៀត ដែលប្រឈមទៅនឹងហានិភ័យ ឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈមូសខ្លាញី និងស្អាតបរិវេណជុំវិញផ្ទះ ដោយកំចាត់ចោលរាល់វត្ថុដែលអាចដក់ទឹកបាន ត្រូវដេកក្នុងមុងទាំងថ្ងៃ-យប់ ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។ ក្នុងករណីក្រុមគ្រួសារណាម្នាក់ មានសញ្ញា ឬសញ្ញាជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម សូមយកពួកទៅមណ្ឌលសុខភាពដែលនៅជិតអ្នកបំផុត។

ជាមួយគ្នានេះ សូមស្ត្រីមានផ្ទៃពោះ អញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ទៅតាមកាលកំណត់របស់គ្រូពេទ្យ និងទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន។ ចំពោះអ្នកមានកូនតូច សូមផ្តល់អាហារូបត្ថម្ភដល់កុមារឱ្យបានគ្រប់គ្រាន់។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃ ហើយក្រៅពីប្រកបរបរបង្កបង្កើនផល ត្រូវខិតខំចិញ្ចឹមសត្វ ដាំដំណាំជុំវិញផ្ទះ ដើម្បីជីវភាពគ្រួសារ និងរស់នៅជាមួយគ្នាដោយភាពសុខដុមនីយកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) សាប៊ូដុំ ២ដុំ និងបណ្ណប្រកាសស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រីអគ្គលេខាធិការ បានប្រគេនទេយ្យទាន និងថវិកាមួយចំនួនដល់ព្រសង្ឃវត្តវេឡុវ័នផងដែរ៕