(បន្ទាយមានជ័យ)៖ កំលុងពេលជួបវិបត្តិជំងឺកូវីដ-១៩នេះ កម្លាំងយោធានៃយោធភូមិភាគទី៥ បានរួមគ្នាទប់ស្កាត់ប្រជាពលរដ្ឋប្រមាណជាង ៧ពាន់នាក់ ដែលលួចឆ្លងដែនទៅប្រទេសថៃ ព្រមទាំងខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងទៀតផងដែរ។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការប្រចាំទិសទី១ នៃខេត្តបន្ទាយមានជ័យ។

ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានបន្តថា កងកម្លាំងដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានយោធាសឹករងខេត្តបន្ទាយមានជ័យ មានយោធាតំបន់អភិវឌ្ឍន៍តេជោភ្នំឆ័ត្រ កងកម្លាំងកងការពារព្រំដែន៥០៣ ចំណុះឲ្យយោធភូមិភាគទី៥។

ជារឿយៗ លោកមេបញ្ជារការ ឈុន ម៉ៅ បានដាស់តឿនដល់កងកម្លាំងចំណុះឲ្យយោធភូមិភាគទី៥ និងអនុវត្តបន្តតាមការណែនាំរបស់មេបញ្ជារការកងទ័ពជើងគោក ក៏ដូចជាមេបញ្ជារការយោធភូមិភាគី៥ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តបន្តនាំគ្នាទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលកើតមានទ្បើងតាមបណ្តោយព្រំដែន។

លោកមេបញ្ជារការ ថែមទាំងបានដាស់តឿនដល់កងកម្លាំងចំណុះឲ្យទប់ស្កាត និងបង្ក្រាបការជួញដូរមនុស្ស អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ទំនិញគេចពន្ធ រថយន្តចង្កូតស្តាំ ជាពិសេសនាំគ្នាទប់ស្កាត់ពលករ ដែលចាញ់បោកមេខ្យល់បោកយកទៅលក់តាមព្រំដែនជាបន្តបន្ទាប់។

ម្យ៉ាងវិញទៀត កងកម្លាំងទាំងអស់ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពឲ្យបានខ្ជាប់ខ្ជួន ត្រូវចេះសហការជាមួយអាជ្ញាធរប្រទេសជិតខាង ទំនាក់ទំនងចងសម្ពន្ធមេត្រីជាមួយនឹងប្រទេសជិតខាង និងត្រូវគោរពតាមបទបញ្ជារបស់ថ្នាក់លើ ដែលបានដាក់ចេញបទបញ្ជាផ្ទៃក្នុងរបស់អង្គភា ក៏ដូចជាបទបញ្ជាលោកមេបញ្ជាការ ត្រូវយកចិត្តទុកដាក់ជាមួយនឹងពលរដ្ឋ គ្រាដែលពលរដ្ឋមានគ្រោះមហន្តរាយផងដែរ៕