(កំពង់ចាម)៖ លោកស្រី ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ សាខាខេត្តកំពង់ចាម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៦គ្រួសារ នៅឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកស្រីបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម លោកស្រីរួមនឹងក្រុមការងារបានមូលមតិគ្នារៀបចំជាអំណោយ ដើម្បីនាំមកផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង ៦គ្រួសារ ដែលជួបប្រទះការខ្វះខាតជីវភាព ដើម្បីដោះទាល់បានមួយគ្រា។

សូមបញ្ជាក់ថា អំណោយដែលត្រូវផ្ដល់ជូនដល់ពលរដ្ឋទាំង ៦គ្រួសារ នាពេលនោះ ក្នុងមួយគ្រួសារទទួលបានថវិកា ៤០ម៉ឺនរៀល ក្នុងនោះថវិកាសមាគមនារី ២០ម៉ឺនរៀល និងថវិការបស់លោកស្រីញូង ចរិយា អ៊ុនចាន់ដា ២០ម៉ឺរៀល រួមជាមួយនិងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត។

លោកស្រី ញូង ចរិយា បានឲ្យដឹងទៀតថា អំណោយខាងលើ ថ្វីដ្បិតតែមានចំនួនមិនច្រើន ក៏ប៉ុន្តែអំណោយទាំងនោះ គឺបានឆ្លុះបញ្ចាំងអំពីទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកតែងតែគិតគូដល់សុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនដែលគិតអំពីនិន្នាការនយោបាយឡើយ។

ជាមួយគ្នានោះដែរ លោកស្រី ញូង ចរិយា បានផ្តាំផ្ញើទៅដល់មន្ត្រីអាជ្ញាធរសូមឲ្យយកចិត្តទុកដាក់ពិនិត្យមើលដល់គ្រួសាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយប្រសិនបើមើលឃើញថា ពួកគាត់ជួបប្រទះនូវជីវភាពខ្វះខាតពិតប្រាកដមែន ត្រូវប្រញាប់ផ្ដល់ដំណឹងជាបន្ទាន់មកអាជ្ញាធរខេត្ត ដើម្បីចុះជួយពួកគាត់បានទាន់ពេលវេលាផងដែរ៕