(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជាសះស្បើយ០២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០២នាក់។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នកជំងឺថ្មីទាំង២នាក់៖

១៖ ជាស្ត្រីជនជាតិខ្មែរ ដែលជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា មានអាយុ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា បានវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជា ដែលលទ្ធផលវិភាគ វត្ថុសំណាកលើកទីប្រាំរបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

២៖ ជាស្ត្រីជនជាតិកាណាដាអាយុ ៤១ឆ្នាំ រួមដំណើរមានកូនប្រុស០១នាក់ និងកូនស្រី០១នាក់ បានធ្វើដំណើរមកពីប្រទេស Ubekiztan ឆ្លងកាត់តាមឌូបៃ និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ដោយឡែកសម្រាប់អ្នកជំងឺ ទើបព្យាបាលជាសះស្បើយ២នាក់ជាបរុសជនជាតិខ្មែរ គឺ៖ បុរសអាយុ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបុរសអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១ ឃុំឡាមិញ ស្រកបរកែវ ខេត្តរតនគិរី។ បុរសទាំង០២នាក់នេះ ជាអ្នកបានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះនៅ ប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន វីរុសកូវីដ-១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប២៤៨នាក់ (ស្ត្រី ៤៩នាក់ និងបុរស ១៩៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២១៧នាក់ (ស្រី៤៦នាក់ និងបុរស១៧១នាក់) និងអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៣១នាក់៕