(កំពត)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយដោយលោក ជាវ តាយ អភិបាលខេត្តកំពត លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងខេត្តកំពត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមដូចជាតង់ និងចំណីមកចែកជូនកសិករចំនួន៥០គ្រួសារ។

ពិធីនេះបានរៀបចំនៅផ្ទះបងស្រី សែត ធី ដែលមានអាជីពជាអ្នកបង្កាត់ ភ្ញាស់ និងចិញ្ចឹមត្រី (កាបសាមញ្ញ កាបឥណ្ឌា កាបរាហ៊ូ កាបស ទីឡាព្យា និងត្រីឆ្ពិន) នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធី ជ្រាបដោយសង្ខេបអំពីវិស័យវារីវប្បកម្មសមុទ្រ និងទឹកសាប ដោយបានរាយការណ៍យ៉ាងលម្អិត អំពីអាជីវកម្មចិញ្ចឹម បង្កាត់ និងភ្ញាស់កូនត្រី របស់លោកស្រី សែត ធី ដែលជាវារីវប្បករគំរូ នៅទូទាំងស្រុកអង្គរជ័យនេះថា៖ បងស្រីបានចាប់ផ្តើមអាជីពចិញ្ចឹមត្រីតាំងពីឆ្នាំ២០០៦ លើផ្ទៃដី២ហិកតា។

ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមពីមន្ទីរ និងរដ្ឋបាលជលផល លោកស្រីបានពង្រីកមុខរបរនេះ ជាបណ្តើរៗ រហូតមកទល់បច្ចុប្បន្ន មានស្រះចិញ្ចឹម១៥ស្រះ ស្រះមេពូជ៣មានលទ្ធភាពផលិតកូនត្រីគ្រប់ប្រភេទ បានចំនួន១លានកូន និងត្រីសាច់បានជាង ៤តោន/ឆ្នាំ។

ចំពោះតែអាជីពនេះ គិតជាមធ្យមបានចំណូល៩០លានរៀល ក្នុងមួយឆ្នាំ ដកថ្លៃដើមរួចនៅសល់ជាង៥០លានរៀលក្នុងមួយឆ្នាំ។ តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រីបានអំពាវនាវ ឲ្យប្រជាពលរដ្ឋគួរតែចូលរួមចិញ្ចឹមត្រី ក្នុងខណៈដែលប្រទេសជាតិ កំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ដើម្បីបង្កើតមុខរបរ និងរកចំណូលមកផ្គត់ផ្គង់គ្រួសារ ចៀសវាងធ្វើចំណាក ស្រុក។ ចំពោះករណីនេះ គួរទាក់ទងទៅមន្ទីរ (លេខទំនាក់ទំនង ០១៧ ៨០៣០០៧) ឬរដ្ឋបាលជលផលដើម្បីទទួលបានព័ត៌មានបន្ថែម អំពីបច្ចេកទេសចិញ្ចឹម និងពូជ។

លោករដ្ឋមន្រ្តី វេង សាខុន និងលោកអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងដែលមានវត្តមាននៅទីនេះ និងនៅទូទាំងខេត្តកំពត ហើយសម្តេចបានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ឆ្លងឲ្យផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។

បន្ទាប់មក លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋអំពីជីវភាព ការងារបង្កបង្កើនផល ជាពិសេសនោះគឺការងារវារីវប្បកម្ម ដែលលោក បានរំលេចជូនប្រជាកសិករជ្រាបថា ចំពោះវិស័យវារីវប្បកម្មនេះ ត្រូវបានទទួលការលើកទឹកចិត្ត និងជួយឧបត្ថម្ភថវិកាពីសម្តេចតេជោចំនួន ២០០០លានរៀល ក្នុងឆន្ទៈចូលរួមបង្កើតការងារ ពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែបជាលក្ខណៈគ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀង ក្នុងគ្រួសារ ស្របពេលដែលសេដ្ឋកិច្ចជាតិ និងវិស័យមួយចំនួនទៀត កំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។ យោងតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលថា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងបានឡើង បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ហេតុនេះហើយ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី គិតគូពីបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការចំបាច់សំខាន់ៗមួយចំនួន ចំពោះមុខដើម្បីចូលរួមថែរក្សា ការពារ និងទ្រទ្រង់ សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀងក្នុងគ្រួសារ តាមរយៈការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមតាមគ្រប់រូបភាព និងត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋបាលជលផល។

លោករដ្ឋមន្ត្រី វេង សាខុន និងលោកអភិបាលខេត្ត បានណែនាំឲ្យអ្នកទទួលជំនួយយកទៅចិញ្ចឹម មើលថែទាំឲ្យបានល្អ និងមានការរីកចម្រើនជា បន្តបន្ទាប់ ដើម្បីប្រែក្លាយពីអ្នកចិញ្ចឹមសម្រាប់តែសន្តិខុសស្បៀងក្នុងគ្រួសារ ទៅជាអ្នកផលិតសម្រាប់ការផ្គត់ផ្គង់ឲ្យទីផ្សារ ទទួលបានចំណូល និងបង្កើនកម្រិតជីវភាពជាបណ្តើរៗ ក្នុងស្ថានភាពនៃជំងឺឆ្លងកូវីដ-១៩។

លោករដ្ឋមន្ត្រី វេង សាខុន និងលោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលបានគិតគូ យកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ល្អៗ ដែលជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្ត យកទៅអនុវត្តឲ្យទាន់សភាពការណ៍ ជាក់ស្តែងនា ពេលបច្ចុប្បន្ន ធ្វើយ៉ាងណាពង្រឹង និងពង្រីកវិស័យផលិតកម្មស្បៀង ធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងទីផ្សារក្នុងតំបន់ និងឈានជាជំហានៗ បន្តបន្ទាប់ក្នុងការបង្កើនសមត្ថភាពផលិតដើម្បីធ្វើការនាំចេញ។

ចំពោះការងារបច្ចេកទេស លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យមន្រ្តីជំនាញរដ្ឋបាលជលផល បន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែម លើការងារបច្ចេកទេស ចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយ ផ្សំចំណី និងការថែទាំ។ ត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម ហើយត្រូវយកចិត្តទុកដាក់គិតគូ ទៅលើរចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដូចជាប្រភពទឹកស្អាត ប្រព័ន្ធបញ្ចេញបញ្ចូលទឹក និងអគ្គីសនី៕