(ព្រះវិហារ)៖ លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគណៈការិយាល័យទំនាក់ទំនងព្រំដែន BLO នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ បានណែនាំដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បង្រ្កាបបទល្មើសនានា នៅតាមបណ្តោយព្រំដែនឱ្យមានប្រសិទ្ធិភាព ពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន។

ការណែនាំបែបនេះរបស់លោក ស៊ូ សិរី បានធ្វើឡើងនៅក្នុងឱកាស ដែលលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការការិយាល័យទំនាក់ទំនងព្រំដែន BLO កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់លោកស្នងការរងទទួលផែនគ្រឿងញៀន មេបញ្ជាការវរការពារព្រំដែនលេខ១០៥ អភិបាលរងស្រុកឆែប មន្រ្តីពាក់ព័ន្ធ និងកម្លាំងជាច្រើនរូប នៅស្នាក់ការការិយាល័យទំនាក់ទំនងព្រំដែន ស្ថិតឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនោះដែរ លោកស៊ូ សិរី ក៏បានណែនាំដល់កងម្លាំង និងមន្រ្តីពាក់ព័ន្ធ ត្រូវខិតខំសហការគ្នាឱ្យបានជិតស្និតជាមួយការិយាល័យទំនាក់ទំនងព្រំដែន នៃប្រទេសជិតខាង ក្នុងការផ្តល់ព័ត៌មានគ្នាលើការងារបង្ក្រាបបទល្មើសនានា នៅតាមបណ្តោយព្រំដែន ជាពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន ដែលត្រូវចាត់វិធានយ៉ាងតឹងរឹងបំផុតស្របតាមគោលការណ៍ នីតិវីធី និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ការិយាល័យទំនាក់ទំនងព្រំដែន BLO កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការដោយយោងសេចក្តីសម្រេចលេខ ០១១/១៩ សសរ .អ.ជ.ប.គ.ញ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ស្តីពី ការបង្កើតការិយាល័យទំនាក់ទំនងព្រំដែន BLO៕