(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ បាននាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ចំនួន ១២១នាក់ មកពីសង្កាត់ចំនួន៦ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

លើកឡើងក្នុងឱកាសនោះលោក គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើរដល់ពលរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងហូបស្អាត ផឹកស្អាត ហាត់ប្រាណ ឲ្យបានច្រើន ដើម្បីបង្កើនសុខភាពឱ្យបានល្អដើម្បីឈ្នះអស់ជំងឺទាំងឡាយ។

លោក គង់ សោភ័ណ្ឌ ក៏បានដាស់តឿនពលរដ្ឋទាំងអស់ត្រូវមានវិធានការណ៍ ការពារពីមេរោគកូវីដ១៩ទាំងអស់គ្នា និងមិនត្រូវមានការធ្វេសប្រហែសនឹងជំងឺមួយ នេះឱ្យសោះ។

សូមបញ្ជាក់ថា អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានប្រគល់ជូនអ្នកកំពុងរស់នៅជាមួយមេរោគអេដស៍រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកអាល់កុល ១ដប, ម៉ាស់ ១០បន្ទះ និងថវិកា ១០ម៉ឺនរៀល៕