(ប៉ៃលិន)៖ សមត្ថកិច្ចខេត្តប៉ៃលិន បញ្ជូនមេខ្យល់ម្នាក់ (ភេទទី៣) ទៅកាន់សាលាដំបូងខេត្តប៉ៃលិន ក្រោយឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពដើរល្បូងក្មេងស្រីលក់ឱ្យតាតានៅផ្សារព្រំ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០៖០០នាទីព្រឹក ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការខេត្ត និងលោកស្រីវរសេនីយ៍ទោ ស ចិន្តា ស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស បានសហហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចុះបង្ក្រាបលើករណី «សញ្ចារកម្ម» អំពើពេស្យាចារមួយករណី នៅចំណុចផ្ទះសំណាក់ L.S.C ស្ថិតក្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យមានឈ្មោះ ឡុង យ៉ា អាយុ២៨ឆ្នាំ មុខរបរកោសជប់ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅទីតាំងខាងលើ។

ជនរងគ្រោះដែលជាអនីតិជនចំនួន០៥នាក់ មានអាយុ១៦ និង១៧ឆ្នាំ។ សង្ស័យត្រូវសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុរួចបញ្ជូនខ្លួន ទៅតុលាការខេត្តចាត់ការតាមនីតិវិធីច្បាប់៕