(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បត្តិ៍ ២រោច ខែស្រាពណ៌ ឆ្នាំជូតទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ គណៈសង្ឃនាយកព្រះរាជាណាចក្រកម្ពុជា នៃគណៈធម្មយុត្តិកនិកាយ ដែលដឹកនាំដោយសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អាណេតា សម្តេចព្រះសង្ឃនាយករងគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ និងព្រះមេគណ គណៈធម្មយុត្តិកនិកាយ ទាំង២៥ខេត្តរាជធានីទូទាំងប្រទេស ព្រមទាំងសាស្រ្តាចារ្យសាមណៈនិស្សិត សិស្ស ក្រុមការងារជាច្រើនទៀត បានយាង និមន្ត និងអញ្ជើញរៀបចំពិធីអបអរសាទរ ជូនចំពោះអគ្គមហាឧបាសិកា មហាឧបាសិកាទាំង២១រូប ដឹកនាំដោយលោកស្រីឧកញ៉ាអគ្គមហាឧបាសិកានាងវិសាខាពុទ្ធសាសនូបត្ថម្ភក៍កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលត្រូវបានគណៈសង្ឃនិកាយធម្មយុត្តិខ្មែរ និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឧត្តមទីប្រឹក្សាផ្ទាល់ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសេរីសុគន្ធាមហា សង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាវត្តស្វាយពពែរាជធានីភ្នំពេញ។

សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អាណេតា សម្តេចព្រះសង្ឃនាយករង គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមនាមគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ និងក្រុមការងារទាំងអស់ព្រះអង្គ បានមានព្រះថេរដិកាថ្លែងអបអរសាទរចំពោះគោរមងារថ្មីនេះ ដែលជាការសាកសមបំផុត ដែលមហាឧបាសិកាទាំង២១រូបទទួលបាន។

ក្នុងនាមជាពុទ្ធសាសនូបត្ថម្ភក៍ម្នាក់ ដែលទទួលបានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិលោកស្រីឧកញ៉ាអគ្គមហាឧបាសិកានាងវិសាខាពុទ្ធសាសនូបត្ថម្ភ តែងតែយកអស់កម្លាំង កាយចិត្តកសាងសមិទ្ធិផលនានាលើផ្នែកពុទ្ធចក្រ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ អោយមានការរីកចម្រើនស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តតរៀងទៅ។

នៅក្នុងថ្ងៃដដែលនេះផងដែរ អគ្គមហាឧបាសិកា និងមហាឧបាសិកាទាំង២១រូប ដឹកនាំដោយលោកស្រីឧកញ៉ាអគ្គមហាឧបាសិកានាងវិសាខាពុទ្ធសាសនូបត្ថម្ភក៍កិត្តិបណ្ឌិត សៀង ចាន់ហេង បានចូលថ្វាយបង្គំសម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ សម្តេចព្រះអនុប្រធានឋេរៈសភាសង្ឃ ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីទទួលព្រះសារលិខិតអបអរសាទរ និងពរជ័យគ្រប់ប្រការក្នុងឪកាសដែលលោកជំទាវជាឧត្តមសប្បុរសទាំង២១រូប ទទួលបានគោរមងារថ្មី ដែលជាការសាកសមជាទីបំផុតចំពោះគោរមងារនេះ ដែលកន្លងមកអគ្គមហាឧបាសិកា និងមហាឧបាសិកាទាំង២១រូប បានលះបង់នូវកម្លាំងកាយចិត្ត ពេលវេលា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាងអភិវឌ្ឍន៌វិស័យព្រះពុទ្ធសាសនាកម្ពុជាអោយរីកចម្រើន។

លោកស្រីបណ្ឌិត សៀង ចាន់ហេង បានអរព្រះគុណប្រគេនថ្វាយចំពោះសម្តេចព្រះសង្ឃទាំង៣ព្រះអង្គ និងក្រុមការងារទាំងអស់ដែលព្រះអង្គបានសព្វព្រះរាជហ័រទ័យ ប្រោសប្រទានការអបអរសាទរ ក្នុងថ្ងៃនេះ ហើយលោកស្រី បានប្តេជ្ញាចិត្តបន្តរខិតខំពុះពារចូលកសាងលើកស្ទួយតម្លៃព្រះពុទ្ធសាសនាអោយកាន់តែរីកចម្រើន និងបដិបត្តិខ្លួន ទៅតាមពុទ្ធឪវាទរបស់ព្រះសម្មាសម្ពុទ្ធអោយស័ក្កសម ជាអគ្គមហាឧបាសិកាដ៏ប្រពៃ នៅក្នុងសង្គមជាតិខ្មែរ ដែលពោពេញទៅដោយវប្បធម៌ ប្រពៃណីដ៏សម្បូរបែប និងល្អឥតខ្ចោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២០កន្លងទៅ គណៈសង្ឃព្រះពុទ្ធសាសនានិកាយធម្មយុត្តិនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រគល់គោរមងារដល់លោកស្រីឧត្តមសប្បុរស ចំនួន២១រូប ដែលមានងារជាឧត្តមទីប្រឹក្សាផ្ទាល់ ទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជបួរគ្រី ដោយមានការឯកភាពយល់ព្រមពីសម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាង និងអញ្ចើញចូលរួមពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះរាជវង្សានុវង្ស រដ្ឋមន្រ្តីតាមក្រសួងពាក់ពន្ធ ឥស្សរៈជនជាន់ខ្ពស់រាជរដ្ឋាភិបាល ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជា១ពាន់នាក់៕