(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារស្ដីពី សមាគម និងអង្គការ (ឥស្លាម) មិនមែនរដ្ឋាភិបាល ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាសមាសភាពសំខាន់ៗ មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងមន្ទីរ សមាជិកក្រុមប្រឹក្សា គណៈអ៊ីម៉ាំ ខេត្ត-ក្រុង ស្រុក-ខណ្ឌ និងតំណាងសមាគមអង្គការ (ឥស្លាម) ជាង១០០ទាំងជាតិ និងអន្តរជាតិ ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ផ្តោតសំខាន់ក្នុងការជំរុញ និងលើកទឹកចិត្តដល់សមាគម និងអង្គការ (ឥស្លាម) ទាំងអស់ឲ្យបង្កើនសកម្មភាពបន្ថែមទៀត ទៅលើកិច្ចការ និងសកម្មភាពមនុស្សធម៌របស់ខ្លួន ដែលបាននិងកំពុងធ្វើ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូល។

កិច្ចប្រជុំនេះផងដែរ ក៏បានពិនិត្យ បំពេញចន្លោះខ្វះខាតមួយចំនួន ធ្វើយ៉ាងណាឲ្យសមិទ្ធផលទាំងអស់ បានបម្រើទៅដល់សង្គមជាតិទាំងមូល ដោយតម្លាភាព ស្មើរភាព សច្ចភាព យុត្តិធម៌ ស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការ ដែលមានជាធរមាន និងស្របទៅតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងស្របទៅតាមធម្មវិន័យ នៃសាសនាឥស្លាមផងដែរ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក្នុងនាមជាបេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួលភារកិច្ច និងតួនាទីជាអ្នកទំនាក់ទំនងជាមួយសហគមន៍ សមាគម អង្គការឥស្លាមក្នុង និងក្រៅប្រទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតំណាងសមាគម និងអង្គការទាំងអស់ ដែលបានអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំពិភាក្សានៅឱកាសនេះ និងបានកោតសរសើរចំពោះសកម្មភាពមនុស្សធម៌កន្លងមក ដែលបានដោះស្រាយបញ្ហាការលំបាកជូនសហគមន៍ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

លោកទេសរដ្ឋមន្ដ្រី បានបន្ដថា ក្នុងរយៈពេលកន្លងមករហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលមិនដែលមានការរឹតត្បិតសិទ្ធិសេរីភាព ចំពោះសមាគម និងអង្គការ ទៅលើសកម្មភាពណាមួយឡើយ។ ផ្ទុយទៅវិញ សមាគម និងអង្គការទាំងអស់ ត្រូវបានទទួលនូវការយកចិត្តទុកដាក់ និងការសហការយ៉ាងល្អប្រសើរ ពីរាជរដ្ឋាភិបាល ក្នុងការគៀងគរស្វែងរកជំនួយសប្បុរសធម៌ពីក្នុង និងក្រៅប្រទេស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលមិនថានៅក្នុង ក្របខ័ណ្ឌសាសនា ឬការអភិវឌ្ឍសង្គមជាតិទាំងមូល ដូចដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា លោកនឹងមិនទ្វារជាដាច់ខាត ចំពោះជំនួយពីគ្រប់ប្រទេស ដែលសំដៅជួយដល់ប្រជាជាតិខ្មែរទាំងមូល។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹក ដល់តំណាងសមាគម និងអង្គការឥស្លាមទាំងអស់ ឲ្យបង្កើនសកម្មភាពរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ មានការសហប្រតិបត្តិការល្អ ជាមួយនឹងសមាសភាពដែលពាក់ព័ន្ធ រួមមានអាជ្ញាធរ គណៈអ៊ីម៉ាំគ្រប់លំដាប់ថ្នាក់ និងក្រសួងស្ថាប័ន ដែលជាសេនាធិការ ឲ្យរាជរដ្ឋាភិបាល និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ស្ដីពីសមាគម និងអង្គការ។

ជាមួយគ្នានេះ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានផ្តល់បទបង្ហាញស្តីពីខ្លឹមសារ ច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល។ តាមការបញ្ជាក់ គឺច្បាប់នេះ បានចូលជាធរមាន នៅខែសីហា ២០១៥ ដែលប្រើរយៈពេលជិត២០ឆ្នាំ ដើម្បីដំណើរការតាក់តែង ដែលមាន ៩ជំពូក ៣៩មាត្រា។

លោកបានជំរុញឲ្យរាល់សមាគម អង្គការមិនមែនរដ្ឋាភិបាល ទាំងក្នុងស្រុក និងបរទេសឲ្យអនុវត្តឲ្យខ្ជាប់ខ្ជួន តាមច្បាប់ស្តីពីសមាគម និងអង្គការ ជាពិសេស ត្រូវអនុវត្តសកម្មភាពមនុស្សធម៌របស់ខ្លួន ឲ្យមានតម្លាភាព អព្យាក្រិត្យ មិនប្រកាន់និន្នាការបក្ស ជាតិសាសន៍ ជាពិសេសត្រូវធ្វើរបាយការណ៍សកម្មភាព និងប្រភពហិរញ្ញវត្ថុជាប្រចាំឆ្នាំរៀងរាល់បំណាច់ខែកុម្ភៈ ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ប្រាក់ សំអឿន បានអំពាវនាវដល់សមាគម អង្គការដែលពុំមានសកម្មភាព សូមអញ្ជើញទៅលុបឈ្មោះ នៅក្រសួងមហាផ្ទៃ ក៏ប៉ុន្តែមុននឹងលុប ក៏ត្រូវមានការជម្រះនូវបញ្ហាដែលមាន ដើម្បីបង្ហាញពីតម្លាភាព និងភាពស្អាតស្អំរបស់ខ្លួនផងដែរ។ ដោយឡែកបើក្នុងករណីសមាគមអង្គការ ដែលពុំមានការចុះបញ្ជីត្រឹមត្រូវ ក៏ត្រូវប្រញាប់ទៅចុះបញ្ជីឲ្យបានត្រឹមត្រូវផងដែរ។

តំណាងក្រសួងនីមួយៗ បានអំពាវនាវដល់បណ្តាសមាគមអង្គការទាំងអស់ ត្រូវទៅចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រសួងស្ថាប័នណា ដែលពាក់ព័ន្ធនឹងគោលដៅសកម្មភាព ជាក់ស្តែងរបស់ខ្លួនដើម្បីងាយស្រួល ក្នុងការសហការរាល់សកម្មភាព ទៅតាមស្ថានភាពជាក់ស្តែង ក្នុងនោះរួមមាន ក្រសួងធម្មការ និងសាសនា តំណាងដោយលោក យោប អះស្ការី អនុរដ្ឋលេខាធិការ, ក្រសួងការបរទេស តំណាងដោយលោក អ៊ុក សារុន អនុរដ្ឋលេខាធិការ, ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដោយលោក ហាប់ អ៊ុម៉ាលី រដ្ឋលេខាធិការ និងក្រសួងអប់រំ យុវជន និងកីឡា តំណាងដោយលោក ណុះ ស្លេះ រដ្ឋលេខាធិការ។

មានមតិចូលរួមជាចំណាប់អារម្មណ៍ ក្នុងកិច្ចប្រជុំមានប្រធាន តំណាងសមាគមអង្គការមួយចំនួន បានចូលរួមផ្តល់មតិ ក្នុងនោះ លោក សុះ មុះសិន ប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា, លោក ឆាយ វណ្ណា ប្រធានសមាគមយុវជនឥស្លាមកម្ពុជា, លោក លោកស្រី ជាប្រធានសមាគម អង្គការនានា និងតំណាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ពីបណ្តាខេត្ត ក្រុង ទូទាំងប្រទេស។

តំណាងទាំងអស់បានលើកពីទស្សនវិស័យ និងគោលបំណងសំខាន់ៗ ដែលខ្លួនធ្វើឡើង ជាមួយនឹងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តសំខាន់ៗ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន គឺការបម្រើជាតិ បម្រើសង្គម ជាមួយរាជរដ្ឋាភិបាល ក្នុងនោះក៏បានបង្ហាញពីមោទនភាព ជាមួយសមិទ្ធផលជាវិជ្ជមាន ដែលសមាគម និងអង្គការរបស់ខ្លួនសម្រេចបានជាផ្លែផ្កា ទោះបីក្នុងដំណើរការសកម្មភាពនេះ ពេលខ្លះក៏ប្រទះនឹងបញ្ហាខ្លះក្នុងសកម្មភាពជាក់ស្តែង ដែលមិនអាចចៀសផុត ប៉ុន្តែនៅតែមានដំនោះស្រាយ និងសម្របសម្រួលសមហេតុផល ហើយធ្វើឲ្យសមាគមអង្គការទាំងអស់ នៅតែមានសកម្មភាពជាផ្លែផ្កាជាបន្តបន្ទាប់។ សមាគម អង្គការ បានឯកភាព និងរីករាយ នឹងបន្តសហការជាមួយក្រសួងស្ថាប័ន ដែលពាក់ព័ន្ធវិស័យណា ដែលខ្លួនកំពុងចូលរួមធ្វើសកម្មភាព ដើម្បីកាន់តែមានប្រសិទ្ធភាព និងសមស្រប។

ក្នុងនាមបេសកជនពិសេស របស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការទំនាក់ទំនងជាមួយបណ្តាសមាគម អង្គការ ទាំងក្នុងនិងក្រៅស្រុក ក្នុងការគៀរគរជំនួយមនុស្សធម៌ ដើម្បីចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏មានចំណាប់អារម្មណ៍ ក្នុងការបូកសរុប បិទអង្គប្រជុំ និងបង្ហាញសុទិដ្ឋិនិយម និងមោទនភាពយ៉ាងក្រៃលែងបំផុត ដែលរាល់សមិទ្ធផលជាផ្លែផ្កាទាំងអស់នោះ បានកកើតឡើងដោយមានការជ្រោមជ្រែង និងការបើកទូលាយពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងការគាំទ្រ និងការផ្តល់ភាពងាយស្រួលពីសម្តេចប្រមុខរាជរដ្ឋាភិបាល ដល់សមាគមអង្គការនានា លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនលើសលប់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនសហគមន៍ជាតិនិយាយជារួម និងដោយឡែក សម្រាប់សហគមន៍ឥស្លាម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងដោះស្រាយរាល់បញ្ហាកង្វះខាត ចាំបាច់ជាក់ស្តែង៕