(ព្រះសីហនុ)៖ ក្នុងដំណាក់កាលដែលមានការគំរាមកំហែងនៃជំងឺកូវីដ១៩ ប្រជាពលរដ្ឋក្រីក្រ អាចទទួលរងការប្រឈមខ្លាំជុំវិញបញ្ហាជីវភាពប្រចាំថ្ងៃ។ ប្រឈមជាងគេនោះគឺការធ្លាក់ចុះ ឬការបាត់បង់ប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ។ ប៉ុន្តែដើម្បីជួយសម្រួលការលំបាកនេះ ជូនប្រជាជនជាពិសេសគ្រួសារប្រជាជនក្រីក្រ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ ដើម្បីដោះស្រាយជូនពលរដ្ឋរងផលប៉ះពាល់នេះ។

បច្ចុប្បន្នអាជ្ញាធរខេត្តកំពុងអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់នេះ រួមទាំងអំណោយរបស់សាខាកាកបាទក្រហមផងដែរ។

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមខេត្តព្រះសីហនុ បានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន ៥៤២គ្រួសារ នៅស្រុកស្ទឹងហាវដើម្បីសម្រួលការលំបាកខ្លះៗ។

កម្មវិធីផ្តល់អំណោយដល់ពលរដ្ឋនៅថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកស្រី រួមទាំងវត្តមានអមដំណើររបស់ អស់លោកលោកស្រី ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមផងដែរ។

លោក គួច ចំរើន បានថ្លែងថា ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ សាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយមនុស្សធម៌ មានគ្រឿងឧបភោគ បរិភោគ និងថវិកាខ្លះផងដែរដើម្បីចាត់ចែងចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះនៅតាមមូលដ្ឋាននានាសម្រាប់ដោះស្រាយជីវភាព។ បើទោះជាអំណោយនេះ មិនច្រើនប៉ុន្តែវាអាជួយដោះការលំបាក ពលរដ្ឋបានមួយគ្រាដែរ។

ជាមួយនេះលោក គួច ចំរើន បានណែនាំអាជ្ញាធរតាមមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជនក្នុងមូលដ្ឋានខ្លួន ឲ្យបានល្អ និងត្រូវរាយការណ៍ឲ្យបានទាន់ពេលក្នុងករណីពលរដ្ឋ មានបញ្ហារងគ្រោះត្រូវការការជំនួយបន្ទាន់ ដើម្បីមានវិធានការណ៍ដោះស្រាយឲ្យបានទាន់ពេលវេលាដោយមិនទុកអ្នកណាម្នាក់ចោលដោយមិនបានដឹងនោះឡើយ។

លោកបានរំលឹកពលរដ្ឋទាំងអស់ត្រូវរក្សាសុខភាព ធ្វើអនាម័យតាមការណែនាំរបស់គ្រូពេទ្យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយត្ន័ចំពោះជំងឺកូវីដ១៩។

អំណោយដែលបានផ្តល់ជូនពលរដ្ឋនាពេលនេះ រួមមាន៖ ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១) អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ទឹកស៊ីអីវ ទឹកសុទ្ធ ម៉ាស់ ថវិកា ៥០,០០០រៀល ក្នុងមួយគ្រួសារមួយគ្រួសារ៕