(កោះកុង)៖ លោកស្រី ទិត លីនដា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានជំរុញមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចុះត្រួតពិនិត្យទីតាំងអាជីវករលក់ដូរប្រេងឥន្ធនៈ និងឧស្ម័នឱ្យបានត្រឹមត្រូវ ដើម្បីជម្លៀសហានិភ័យដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះ។

ការជំរុញបែបនេះរបស់លោកស្រី ទិត លីនដា បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីភាព រៀបចំ «សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្ដុះបណ្ដាលស្ដីពី ហានិភ័យស្ថានីយ៍ និងសារាចរសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ» នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង, លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពល និងមានការចូលរួមគ្រប់ស្ថាប័នមន្ទីរពាក់ព័ន្ធ និងម្ចាស់អាជីវករលក់ប្រេង និងឧស្ម័នឥន្ធនៈ នៅមន្ទីររ៉ែ និងថាមពល ខេត្តកោះកុង។

លោកស្រី ទិត លីនដា បានជំរុញយ៉ាងដូច្នេះថា៖ «មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចុះត្រួតពិនិត្យទីតាំងរបស់អាជីវករលក់ដូរប្រេងឥន្ធនៈ និងឧស្ម័នឱ្យបានត្រឹមត្រូវ ដើម្បីជម្លៀសហានិភ័យដល់ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះ ដូច្នេះ ហើយមន្ត្រីទាំងអស់ត្រូវត្រួតពិនិត្យ ឱ្យគ្រប់លក្ខណៈជ្រុងជ្រោយដូចជាធុងពន្លត់អគ្គីភ័យ និងប្រព័ន្ធការពារសម្រាប់ផ្សេងៗ ឱ្យមានលក្ខណៈជាស្តង់ដារ ក្នុងការការពារគ្រោះអគ្គីភ័យ ដែលអាចកើតមានឡើងដែលយើងមិនអាចមើលឃើញនោះឡើយ។ ដូច្នេះ ហើយសូមចាស់អាជីវកម្មលក់ប្រេង និងឧស្ម័នឥន្ធនៈត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត»

ក្នុងឱកាសនោះលោកស្រីទិត លីនដា បានថ្លែងថា ការរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីច្បាប់អំពីហានិភ័យដែលអាចកើតមាន ឡើងដឹងអំពីបែបបទ និងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាព ក្នុងការគ្រប់គ្រង និងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយ៍ អ្នកសាងសង់ស្ថានីយ៍ អ្នកធ្វើការស្តុកទុកផលិតផលប្រេងកាត គោលបំណងចម្បងពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេសមន្ទីររ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធឱ្យយល់ពីតួនាទីភារកិច្ច នីតិវិធីនានាដើម្បីមានភាពងាយស្រួលក្នុងការបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជា ការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចប្រកបដោយប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាពស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។

លោកស្រីបានបញ្ជាក់បន្ថែមថា ដូច្នេះ មន្ត្រីជំនាញទាំងអស់ ត្រូវជំរុញអភិវឌ្ឍន៍វិស័យឡែន និងប្រេងកាតឱ្យក្លាយទៅជាសរសរស្តម្ភដ៏ធំ និងរឹងមាំមួយសម្រាប់ទ្រទ្រង់ដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ឱ្យអាជីវកម្មធនធានរ៉ែ និងប្រេងកាត និងត្រូវជំរុញឱ្យប្រែក្លាយជាប្រភពថាមពល និងកម្លាំងកីឡាករថ្មីមួយយ៉ាងសំខាន់ សម្រាប់ការជំរុញវឌ្ឍនភាពសង្គម ការអភិវឌ្ឍន៍ធនធានមនុស្សការកសាងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងការជំរុញអភិវឌ្ឍពិពិធកម្មសេដ្ឋកិច្ច និងឧស្សាហកម្មដែលជាមុខព្រួញយុទ្ធសាស្ត្រដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕