(កំពង់ឆ្នាំង)៖ «របាំបេះស្លឹកចៀរ» ជាប្រភេទរបាំប្រពៃណីមួយបែប បញ្ជាក់ពីព្រលឹង និងជីវភាពរស់នៅ ពីសម័យអតីតកាល ដែលបន្សល់ទុកពីដូនតារបស់ប្រជាពលរដ្ឋ នៅភូមិមួយចំនួន ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នេះបើតាមការសិក្សាស្រាវជ្រាវពីប្រវត្តិស្លឹកចៀរ និងយោងតាមការរៀបរាប់របស់លោកយាយ រុណ អាយុ ៧៨ឆ្នាំ មានទីលំនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលផ្ទះលោកយាយបច្ចុប្បន្ន មានចម្ងាយពីភ្នំ ដែលគេឡើងទៅបេះស្លឹកចៀរនោះ ប្រមាណជាជាង ៣គីឡូម៉ែត្រ។

នៅព្រឹកថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២០នេះ លោកយាយបានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News ដឹងថា កាលដែលគាត់នៅពីក្មេងៗ គ្រួសាររបស់គាត់ក៏ជាអ្នកធ្វើក្អមឆ្នាំងដូចអ្នកនៅក្នុងភូមិនេះផងដែរ និងធ្លាប់បានឡើងលេងលើភ្នំជាញឹកញាប់ គឺនៅរៀងរាល់រដូវបុណ្យភ្ជុំបិណ្ឌ ឲ្យតែដល់ថ្ងៃ ១កើត ខែអស្សុជ ក្រោយបុណ្យភ្ជុំបិណ្ឌមួយថ្ងៃ គឺគេតែងតែនាំគ្នាឡើងទៅលេងលើភ្នំនេះមិនដែលខានមួយឆ្នាំណាឡើយ។

លោកយាយឲ្យដឹងទៀតថា ភ្នំដែលគេតែងតែឡើងទៅលេងនោះមានភ្នំចំនួន៣ខ្នង គឺ១, ភ្នំភ្លង ២, ភ្នំជង្រុក និង៣ភ្នំដំរីរមៀល។ ភ្នំទាំង៣នេះ គឺមានខ្នងភ្នំជាប់ៗគ្នា ឲ្យតែដល់ថ្ងៃដែលត្រូវឡើងលេងលើភ្នំនេះ គឺមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី នៅក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាឡើងមកលេងលើភ្នំយ៉ាងច្រើនកុះករ ដោយអ្នកខ្លះវេចអំបុក នំអន្សម អំបុកបំពង ទឹកបំពង់ ស្ពាយឡើងលើភ្នំ សម្រាប់យកទៅនាំគ្នាហូបយ៉ាងសប្បាយអ៉ឹងកង។

លុះដល់វេលាម៉ោងប្រមាណជា២ ទៅ៣រសៀល ទាំងអស់គ្នា ដែលឡើងលេងលើភ្នំ ក៏បាននាំគ្នាចុះពីលើភ្នំទៅលេងកម្សាន្តនៅកន្លែងមួយទៀត ដែលមានឈ្មោះថា ភូមិណែមណន។ ព្រោះនៅនោះ គឺមានការបង្កើតជាកន្លែងលេងកម្សាន្ត ដោយមានទាំងកីឡាករចំបាប់ និងច្រៀងរាំលេងកម្សាន្ត បែបប្រពៃណីខ្មែរផងដែរ ចម្រៀងដែលគេនិយមច្រៀងកាលពីសម័យនោះ ចំពោះចង្វាក់រាំវង់មានដូចជាបទ រាត្រីខែភ្លឺ ផ្កាម្រុំ យប់យន់ទន់សូរិយេ ឱស្វាយចន្ទី ជាដើម។ ចំពោះចង្វាក់សារ៉ាវ៉ាន់វិញ មានដូចជាបទ ឱពពិចអើយទាបមក ឱស្វាយមួយមែក ឱណាផ្កាក្រវ៉ាន់។ល។

លោកយាយក៏បានឲ្យដឹងបន្តទៀតផងដែរថា នៅពេលដែលនាំគ្នាចុះមកពីលើភ្នំមកវិញនោះ អ្នកភូមិមួយចំនួន ដែលនៅក្បែរនោះ ហើយប្រកបមុខរបរធ្វើក្អមឆ្នាំង ត្រូវបេះស្លឹកចៀរម្នាក់ៗមួយសំពាយ ដើម្បីយកមកផ្ញើក្រុមគ្រួសារ ទុកចៀរមាត់ក្អមឆ្នាំង ព្រោះក្រៅពីស្លឹកប្រភេទនេះ មិនអាចយកមកចៀរក្អមឆ្នាំងបាននោះឡើយ។

រីឯស្លឹករុក្ខជាតិឈ្មោះស្លឹកចៀរនេះ គេយកមកចៀរមាត់ក្អម ឆ្នាំង ដើម្បីឲ្យមានសភាពភ្លឺរលោងបានល្អ។ ហើយស្លឹកនេះ គេយកមករក្សាទុកបានយូរ ដោយដាក់តម្រាបស្លឹករួចបត់ស្លឹកចៀរនោះជា២ បន្ទាប់មកយកដំបុត មកត្បុតដូចអាំងត្រី ហើយយកទៅសៀតទុកក្រោមផ្ទះឲ្យល្អ វាអាចទុកបានរាប់ឆ្នាំ មិនងាយនឹងពុកផុយ ឬស្វិតក្រៀមនោះឡើយ។ លុះដល់ឆ្នាំក្រោយ ដល់រដូវឡើងភ្នំទៀត គឺគេបេះយកមកទៀត ដើម្បីរក្សាទុករបៀបនេះរហូតមក។

លោកយាយបន្ថែមថា «នៅពេលដែលយកវាមកប្រើ គឺគេអាចយកពី ១ទៅ២សន្លឹកបត់ជាពីរ បន្ទាប់មកយកមកជ្រលក់ទឹក ហើយយកទៅចៀរមាត់ក្អមឆ្នាំង បានពី១០ទៅ២០ក្អមឬឆ្នាំងក្នុង២ សន្លឹកនេះផងដែរ»

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីចុះស្រាវជ្រាវយ៉ងល្អិតល្អន់ ពីប្រវត្តិស្លឹកចៀររួចមក មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានរៀបចំតម្លើងរបាំស្លឹកចៀរ តាមរយៈដាក់ក្បាច់ ដាក់ក្រឡា ដាក់ចម្រៀង ដាក់ភ្លេង រៀបចំសម្ភារសម្ដែង និងសម្លៀកបំពាក់នេះឡើង ដែលរបាំបេះស្លឹកចៀរនេះ។ លោកបានរៀបចំបង្កើតអស់រយៈពេល ៥ឆ្នាំមកហើយ និងបានចេញសម្ដែងនៅរាល់កម្មវិធីថ្នាក់ជាតិ បានជាច្រើនលើកមកហើយដែរ។

«របាំបេះស្លឹកចៀរនេះ ក៏បានយកមកសម្ដែងក្នុងមហោស្របសិល្បៈយុវជនទូទាំងប្រទេសលើកទី២ និងអបអរសាទរទិវាវប្បធម៌ជាតិ នៅរាជធានីភ្នំពេញជាបន្តបន្ទាប់»។ នេះជាការបញ្ជាក់របស់លោក សុខ ធួក។

លោកបន្ថែមថា នេះជាស្នាដៃសិល្បៈ ដែលកើតចេញពីកម្លាំងពលកម្ម និងបញ្ញាញាណពិតៗរបស់សិល្បកររៀមច្បង និងយុវសិល្បករបានបង្ហាញអំពីគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្លួន មានឈាមជ័រសិល្បៈ តពីដូនតាទុកជូនដល់ប្រជាជាតិក្នុង និងក្រៅប្រទេសបានស្គាល់យល់ដឹង និងជ្រួតជ្រាបក្នុងស្រទាប់យុវជន ឲ្យរួមគ្នាធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបអំពីសិល្បៈ វប្បធម៌ អរិយធម៌ ដើម្បីបង្កើនការចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ខ្មែរ ដែលជាដួងព្រលឹងអត្តសញ្ញាណជាតិ ប្រកបដោយកិត្យានុភាពជាតិ និងភាពថ្លៃថ្នូរ៕