(ភ្នំពេញ)៖ ក្រៅពីដំណាំស្រូវ និងដំណាំហូមផ្លែជាច្រើនដែលត្រូវបាននាំចេញហើយនោះ កម្ពុជា ក៏នៅមានផលិតផលជលផលចំនួន៤ប្រភេទផ្សេងទៀត ត្រូវបានចរចាត្រៀមនាំទៅប្រទេសចិនផងដែរ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផលិតផលជលផលរបស់កម្ពុជាទាំង៤ប្រភេទ ដែលភាគីចិនឯកភាពឱ្យនាំចូលនោះ រួមមាន ត្រីដំរី, បង្កង, ខ្យង់ ខ្ចៅ និងអន្ទង់ ដែលផលិតទាំងអស់នេះ សុទ្ធតែមានតម្លៃថ្លៃ និងមានគុណភាពខ្ពស់។ ប្រធានរដ្ឋបាលជលផលរូបនេះបន្តថា នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ហើយនៅពេលខាងមុខ ភាគីចិន នឹងឯកភាពឲ្យកម្ពុជានាំចូលផលិតផលជាច្រើនផ្សេងទៀត។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលជលផលរូបនេះ បានបន្ថែមថា រយៈពេលជាង២ឆ្នាំហើយ ដែលកម្ពុជាបានចរចាក្នុងការនាំត្រីប្រា ទៅកាន់ប្រទេសចិនផងដែរ។ រហូតមកដល់ពេលនេះ ក្រសួងកំពុងខិតខំជំរុញការងារមួយចំនួន ដែលធ្វើយ៉ាងណាបំពេញឲ្យបានគ្រប់គ្រាន់តាមលក្ខខណ្ឌដែលជាការតម្រូវរបស់ចិន។

លោក អេង ជាសាន បានអះអាងថា ត្រីប្រា របស់កម្ពុជាមានគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទៅក្រៅប្រទេស ខណៈប្រជាពលរដ្ឋក៏មានបទពិសោធន៍ច្រើន ក្នុងការចិញ្ចឹមត្រីប្រភេទនេះ។

បើតាមលោក អេង ជាសាន កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបាននាំចេញត្រីប្រហែល១ម៉ឺនតោន ទៅប្រទេសជិតខាង ដូចជា ប្រទេសថៃ វៀតណាម សិង្ហបុរី ហុងកុង និងចិនជាដើម។ ដោយឡែក កម្ពុជាក៏បាននាំចូលផលិតផលជលផលមួយចំនួន ដែលមិនមាននៅក្នុងស្រុកផងដែរ ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

បើតាមលោក អេង ជាសាន ក្រៅពីទីផ្សារនៅប្រទេសខាងលើនេះ កម្ពុជាកំពុងខិតខំប្រឹងប្រែងរកទីផ្សារប្រទេសផ្សេងៗទៀត ដើម្បីនាំចេញផលិតផលជលផល។ ក្រសួងកសិកម្ម តាមរយៈរដ្ឋបាលជលផល ក៏កំពុងពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍មួយចំនួន ដើម្បីសិក្សាលើការងារនេះផងដែរ៕