(កោះកុង)៖ វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំ ក្រុមការងារ នាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន៦១គ្រួសារ នៅស្រុកមណ្ឌលសីមា និងស្រុកគីរីសាគរ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់នៅថ្ងៃទី២-៣ ខែសីហា។

ក្នុងឱកាសនេះ វេជ្ជបណ្ឌិត ទៅ ម៉ឹង បានថ្លែងថា ផលប៉ះនៃគ្រោះមហន្តរាយធម្មជាតិបាតុភូតផ្គរ រន្ទះ ព្យុះភ្លៀងខ្យល់កន្ត្រាក់ដែលមានឈ្មោះ «ស៊ីន ឡាគូ» ដែលធ្វើឱ្យផ្ទះរបស់ ប្រជាពលរដ្ឋរងផលប៉ះពាល់ដូចជា ប៉ើងដំបូលផ្ទះ ដូច្នេះក្នុងនាមអាជ្ញាធរលោកមានការសោកស្តាយយ៉ាងខ្លាំង ដែលលំនៅដ្ឋានប្រជាពលរដ្ឋប្រឈមនឹងការខូចខាតដោយសារខ្យល់កន្រ្តាក់ «ស៊ីន ឡាគូ» នេះ តែអ្វីសំណាងបំផុតបងប្អូនមិនមានជួបគ្រោះថ្នាក់ដល់អាយុជីវិត។

លោកវេជ្ជបណ្ឌិត បានបន្តថា ទោះបីបងប្អូនជួបបញ្ហាយ៉ាងណាក៏ដោយ ក៏ក្រុមការងារសាខាកាកបាទកម្ពុជា ចុះជួយដោះស្រាយបងប្អូនជានិច្ចដោយមិនថានៅទីជិត ឬឆ្ងាយយប់ ឬថ្ងៃ ព្យុះភ្លៀងឡើយឱ្យតែក្រុមការងារទទួលបានព័ត៌មានក្រុមការងារ ចុះដល់ទីតាំងនោះភ្លាមៗ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សប្បុរ ឬនិន្នាការនយោបាយបក្សណាមួយឡើយ។

ការចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ក្នុងគ្រានោះលោកក៏បានពាំនាំនៅមតិផ្តាំផ្ញើរពីចម្ងាយរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារជំងឺគ្រុនឈាមព្រមទាំងចេះសម្អាត អនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និងកាត់បន្ថយហានិភ័យពីការឆ្លងពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្ភារដែលសាខាកាកបាទក្រហមយកមកចែកជូននាពេលនេះរួមមាន៖ អង្ករ ២៥គីឡូក្រាម, ម៉ីម៉ាម៉ា១កេះ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន, ហ្វីប្រូស៊ីម៉ងត៍ និងស័ង្កសី ដើម្បីឆ្លើយតបទៅតាមទំហំនៃការខូចខាតជាក់ស្តែង៕