(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានប្រគល់ធុងសំរាមចំនួន១៣០ធុង ដល់សាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌដង្កោ ដើម្បីជួយលើកស្ទួយគម្រោងបរិស្ថានស្អាតក្នុងសហគមន៍ខណ្ខដង្កោ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ការបន្ត ឧបត្ថម្ភធុងសំរាមដល់វិស័យអប់រំក្នុងខណ្ឌដង្កោ ជាពិសេសដល់សាលាបឋមសិក្សា ជាការចូលរួមបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងទម្លាប់ល្អតាំងពីក្មេងរបស់សិស្សានុសិស្សទាំងអស់ ឲ្យប្រុងប្រយ័ត្នជានិច្ចចំពោះការថែរក្សាអនាម័យដែលនៅជុំវិញខ្លួន»

សាលាបឋមសិក្សាទាំង១២ ដែលទទួលបានធុងសំរាមពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន សាលាបឋមសិក្សាសំបួរមាស, សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ដង្កោ, សាលាបឋមសិក្សាជើងឯក, សាលាបឋមសិក្សាអូហ្គុរ៉ាត្រកៀត, សាលាបឋមសិក្សា ហ៊ុន សែន វត្តព្រែកជ្រៃ, សាលាបឋមសិក្សាវត្តហារ, សាលាបឋមសិក្សាស្ពានថ្ម, សាលាបឋមសិក្សាគងនយ, សាលាបឋមសិក្សាទៀន, សាលាបឋមសិក្សារលួស, សាលាបឋមសិក្សាកែវមុនី, និងសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស។

ត្រឹមដើមខែសីហា ២០២០ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម ចំនួន៤១៥ធុង ក្នុងសហគមន៍ខណ្ឌដង្កោ ដោយ២លើកកន្លងមកបានចែកជូនដល់វត្តអារាម ស្ថាប័នរដ្ឋបាលគ្រប់ជាន់ថ្នាក់ ប៉ុស្តិ៍អធិការដ្ឋាននគរបាល ប៉ុស្តិ៍នគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ សាខាពន្ធដារ ការិយាល័យគយ និងស្ថាប័នសុខាភិបាលនានា ក្នុងខណ្ឌដង្កោ៕