(ត្បូងឃ្មុំ)៖ លោក អ៊ុក ប៊ុនឈឿន ប្រធានសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ និងនាំយកនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមទាំងពួងរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកតំបែរ ដើម្បីពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ។

លោក ជាម ច័ន្ទសោភ័ណ បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដល់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី២ ដែលបានចុះជួបពិភាក្សា និងប្រមូលព័ត៌មាន បញ្ហាប្រឈម ព្រមទាំងសំណូមពរដែលបានលើកឡើង ក្នុងនាមតំណាងប្រជាពលរដ្ឋដើម្បីជាមូលដ្ឋានព័ត៌មានបន្ថែមទៀត សម្រាប់រដ្ឋបាលខេត្តធ្វើការបន្តដោះស្រាយជូនប្រជាពលរដ្ឋ។

ឆ្លើយតប និងជម្រាបជូនគណៈប្រតិភូ ពាក់ព័ន្ធនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ ក្នុងស្រុកតំបែរ លោក អភិបាលខេត្ត លើកឡើងថា អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបានមួយចំនួន ហើយបញ្ហាដែលនៅសេសសល់ ខេត្តនឹងបន្តខិតខំដោះស្រាយបន្ថែមទៀត ។ ចំពោះបញ្ហាមួយចំនួនដែលអាជ្ញាធរខេត្តមិនអាចដោះស្រាយបាន ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយបន្តទៀត។

ក្នុងនាមប្រធានសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ លោក អ៊ុក ប៊ុនឈឿន បានផ្តល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងឡាយដែលអាជ្ញាធរ ថ្នាក់មូលដ្ឋានបានលើកឡើង និងទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឆ្លើយតបតាមសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានាដែលអាជ្ញាធរខេត្តពុំអាចដោះស្រាយបាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈ កម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីលើកអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយ។

ក្នុងឱកាសនោះដែរ លោក អ៊ុក ប៊ុនឈឿន បានធ្វើការផ្តាំផ្ញើរដល់អាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់សូមយកចិត្តទុកដាក់ពង្រឹងវិធានការ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព និងយកចិត្តទុកដាក់ជួយដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ គ្រួសារក្រីក្រដែលជួបការលំបាក។ ជាពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបើកផ្តល់កញ្ចប់ថវិកា ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ក្រីក្រកម្រិត១ និងក្រីក្រកម្រិត២ ក្នុងស្ថានភាពសម័យកូវីដ-១៩។

សូមជម្រាបថា បញ្ហាប្រឈម និងសំណូមពរ៧ចំណុច ត្រូវបានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ លើកឡើងក្នុងការជំនួបសំណេះសំណាល ពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំរួមមាន៖

ទី១៖ ស្ថានភាពជំងឺកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ន វិធានការបង្ការ ការពារ ទប់ស្កាត់ អប់រំប្រជាពលរដ្ឋ
ទី២៖ ការកំណត់អត្តសញ្ញាណកម្មជនក្រីក្រ១ ជនក្រីក្រ២ និងការបែងចែកកញ្ចប់ថវិកាជូនប្រជាពលរដ្ឋ
ទី៣៖ ការដោះស្រាយជីវភាពប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងវិស័អប់រំក្នុងពេលមានជំងឺកូវីដ-១៩នេះ
ទី៤៖ ការអនុវត្តគោលនយោយបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ចំណុចនៅមូលដ្ឋាន
ទី៥៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងមកដូចជា៖ អត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ
ទី៦៖ ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ នៅមូលដ្ឋាននាពេលកន្លងមក
និងទី៧៖ បញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងបញ្ហាពាក់ព័ន្ធសផេ្សងទៀត៕