(ភ្នំពេញ)៖ អាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំទូកល្បឿនលឿន ទៅរំដោះភ្ញៀវទេសចរជាង ៦០០នាក់ ពីក្រុងកោះរ៉ុងមកកាន់ដីគោក ក្រោយពីស្ថានភាពអាកាសធាតុ មានភាពល្អប្រសើរឡើងវិញ។ នេះបើតាមរបាយការណ៍របស់អាជ្ញធរ និងសមត្ថកិច្ចខេត្តព្រះសីហនុ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានដឹកនាំបញ្ជាផ្ទាល់ ក្នុងការចុះអន្តរាគមន៍ ដោយរៀបចំទូកទេសចរណ៍ខ្នាតធំល្បឿនលឿនចំនួន ៣គ្រឿង សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរណ៍ ដែលជាប់គាំងនៅក្រុងកោះរ៉ុង (កោះរ៉ុង និងកោះរ៉ុងសន្លឹម) បានត្រឡប់មកដីគោកក្រុងព្រះសីហនុវិញ ក្រោយពីធាតុអាកាសមានភាពធូរស្រាល។

របាយការណ៍ដដែល បានឲ្យដឹងថា ភ្ញៀវទេសចរណ៍ដែលត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញ មានចំនួនសរុប ៦២១នាក់ ស្រី២១៥នាក់ ជនបរទេស ៥០នាក់ ស្រី ២៤នាក់ ក្មេង ៩៦នាក់ និងទារក ៦នាក់ ដែលបានទៅលេងកំសាន្តនៅក្រុងកោះរ៉ុង មុនថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ ដោយរងឥទ្ធិពលពីព្យុះទី៣ ឈ្មោះស៉ីនឡាគូ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញថា សម្រាប់ប្រតិបត្តិការេនះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តក្រុងចំនួន ៨គ្រឿង សម្រាប់ដឹកជញ្ជូនទៅកាន់គោលដៅរបស់ភ្ញៀវ។ អូប័រខ្នាតធំចំនួន៤គ្រឿង ចេញសរុប២លើក ស្មើ៥ជើង នៅចំណុចផែចំនួន៦ មានក្រុមហ៊ុនចូលរួមចំនួន៣ក្រុមហ៊ុន (ក្រុម ហ៊ុនអាយលែន២គ្រឿង ដឹក៣ជើង, ប៊ូវ៉ាស៊ី១គ្រឿង ដឹក១ជើង, ក្រុមហ៊ុនស្ពីដហ្វឺរី ១គ្រឿង ដឹក១ជើង) ក្នុងនោះបានយកភ្ញៀវពីគោលដៅផែរួមមាន៖

-ផែកោះតូច(ក្រុមហ៊ុនអាយលែន)ភ្ញៀវ១៣២នាក់ ស្រី ៤៤នាក់
-ផែឡុងសិត(ក្រុមហ៊ុនប៊ូវ៉ាស៉ី)ភ្ញៀវ១៧៩ នាក់ ស្រី ៦៤នាក់
-ផែកោះរ៉ុងសន្លឹម(ក្រុមហ៊ុនអាយលែន)ភ្ញៀវ ៩៤នាក់ ស្រី ៣៥នាក់
-ផែសេនឌី (ក្រុមហ៊ុនអាយលែន)ភ្ញៀវ ៦៧នាក់ ស្រី ២២នាក់
-ផែអូឃីត (ក្រុមហ៊ុនអាយលែន) ភ្ញៀវ ៨៧ នាក់ ស្រី ២៥នាក់
- love resort(ក្រុមហ៊ុនកោះរ៉ុងដាយសិនធរ័) ភ្ញៀវ ៦២ នាក់ ស្រី២៥នាក់។ ភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់គោលដៅរៀងៗខ្លួន ដោយប្រើប្រាស់រថយន្តក្រុងចំនួន៨គ្រឿង។

នៅក្នុងកិច្ចប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានយកមី៤កេះធំ,ទឹកសុទ្ធ១០យួរ,ត្រីខ ២កេះធំ, ភេជ្ជ:១០កេះ និងម៉ាស់ចំនួន១០ប្រអប់ ដើម្បីឧបត្ថម្ភដល់កងកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង , នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះ និងសង្កាត់កោះរ៉ុងសន្លឹម។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជារងឥទ្ធិពលព្យុះស៉ីនឡាគូមកពីសមុទ្រចិនខាងត្បូង ដែលវិវត្តទៅជាវិសម្ពាធទាប នាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួន។

ក្រសួងធនធានទឹក បានបញ្ជាក់អំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖

*ទី១៖ បណ្តាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់ច្រើនកើនឡើងជាបន្តបន្ទាប់ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood)
*ទី២៖ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ
*ទី៣៖ តំបន់ផ្សេងៗទៀត អាចនឹងមានភ្លៀងធ្លាក់ ពីតិចទៅមធ្យម។

បន្ថែមពីនេះ ក្រសួងធនធានទឹក បានណែនាំឲ្យប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងបាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីចាំបាច់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹក រយៈពេល៥ថ្ងៃសិន ចាប់ពីថ្ងៃ១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០៕