(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យសមាគមវារីវប្បករកម្ពុជា ដែលដឹកនាំដោយលោក សុខ រ៉ាដែន ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាប អំពីការរីកចម្រើនរបស់សមាគម និងបញ្ហាប្រឈមសំខាន់ៗ។

ព្រមជាមួយគ្នានេះដែរ សមាគមចង់ទទួលយកអនុសាសន៍ណែនាំ និងស្វែងយល់បន្ថែមអំពីគោលការណ៍របស់ក្រសួង ក្នុងការជំរុញវិស័យវារីវប្បកម្មកម្ពុជាពី
លោករដ្ឋមន្រ្តី វេង សាខុន ដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវ ល្អប្រសើរធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ បង្កង កន្ធាយ និងកង្កែប ទាំងបរិមាណ និងគុណភាព ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ និងឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ក្នុងខណៈសេដ្ឋកិច្ចជាតិ កំពុងជួបវិបត្តិដោយសារជំងឺ ឆ្លងកូវីដ-១៩។

ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួម ពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល សមាជិកសមាគមវារីវប្បករ អញ្ជើញមកពីតាមបណ្តាខេត្តទូទាំងប្រទេស តំណាងក្រុមហ៊ុនចិញ្ចឹមត្រី ផលិតចំណីត្រីនាំ មុខធំៗ និងមន្រ្តីជំនាញសំខាន់ៗមួយចំនួនទៀត។ ជំនួបនេះ ធ្វើឡើងនាទីស្ដីការក្រសួងកសិកម្ម។

មានមតិស្វាគមន៍ លោករដ្ឋមន្ត្រី វេង សាខុន បានអបអរសាទរគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលសំខាន់ៗ ដែលសមាគមវារីវប្បករកម្ពុជា សម្រេចទទួលបាននាពេលកន្លងមក។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា តួនាទី ភារកិច្ច និងសមិទ្ធផលដែលសមាគមសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនបរិមាណផល ចាប់មច្ឆជាតិពីវិស័យវារីវប្បកម្ម កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ស្របតាមកំណើនប្រជាជន កំណើនតម្រូវការទីផ្សារ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាប់ចំណូល និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនកំពុងប្រឈមនឹងវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។

លោកថា សំខាន់ជាងនេះទៅទៀត គឺស្របពេល និងទាន់សភាពការណ៍អនុវត្តជាក់ស្តែង តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែងថា វារីវប្បករគួរចងក្រងសមាគម ដើម្បីបង្កើត ឬរួបរួមគ្នាជាកម្លាំង សម្រាប់ធ្វើការតវ៉ាពីតម្លៃ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត។

ជាងនេះទៅទៀត សម្តេចតេជោ បានជួយឧបត្ថម្ភថវិកាចំនួន២,០០០លានរៀល ដើម្បីពង្រីកការចិញ្ចឹមតាមគ្រួសារកសិករ ដែលមានបំណងចិញ្ចឹម ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដោយសម្តេចបានសន្យាថា នឹងបន្ថែមថវិកាជូនបន្ថែមទៀត ប្រសិនបើមានតម្រូវការចាំបាច់។

ក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាសមាគម សមាជិកសមាគម និងក្រុមហ៊ុនផលិតចំណីត្រី បានចូលរួមជាមតិយោបល់មួយចំនួនដូចជា៖

ទី១៖ អរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ និងជាពិសេសអរគុណសម្តេចតេជោ ដែលបានជួយឧបត្ថម្ភ និងគាំទ្រនូវរាល់សកម្មភាព របស់សមាគមវារីវប្បករកម្ពុជា ក្នុងការលើកកម្ពស់ផលិតភាព ផលិតកម្មវារីវប្បកម្មកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

ទី២៖ ក្នុងនាមឲ្យសមាគមវារីវប្បករ លោក សុខ រ៉ាដែន សន្យាថា នឹងខិតខំបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម ឲ្យមានការរីកចម្រើនថែមទៀត ធ្វើយ៉ាងណាចូលរួមផ្គត់ផ្គង់ទាំងបរិមាណ និងគុណភាពឲ្យទីផ្សារក្នុងស្រុក និងឈានជាជំហានៗទៅធ្វើការនាំចេញ។

ទី៣៖ ស្នើសុំជួយធ្វើការទប់ស្កាត់ការនាំចូលត្រីខុសច្បាប់។

ទី៤៖ តាមរយៈលោករដ្ឋមន្ត្រី វេង សាខុន តំណាងសមាគមវារីវប្បករកម្ពុជា ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាទឹកសម្រាប់ចិញ្ចឹមត្រី បញ្ហាតម្លៃភ្លើង និងចំណីត្រី។

លោករដ្ឋមន្ត្រី វេង សាខុន បានទទួលយកសំណើរបស់សមាគមរួចថា នឹងនាំយកសំណើនេះ ទៅជូនក្រសួង ពាក់ព័ន្ធធ្វើការពិនិត្យពិចារណា ដោះស្រាយតាមការចាំបាច់។

ដោយឡែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជំរុញការងារផ្សព្វផ្សាយបច្ចេកទេស ផលិតចំណី និងបង្កាត់ពូជ ឲ្យបានទូលំទូលាយ ស៊ីជម្រៅ និងបានទៅដល់ប្រជាកសិករបានទាន់ពេល និងទាន់សភាពការណ៍បច្ចុប្បន្ន។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី វេង សាខុន បានលើកទឹកចិត្ត ដល់សមាជិកសមាគមវារីវប្បករ ឲ្យយកចិត្តទុកដាក់បន្ថែមទៀត លើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្ម ចិញ្ចឹមដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាពនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម៕