(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ម ច័ន្ទវណ្ណៈ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទមានឈ្មោះ ដា សីហា ហៅ ខាង សីហា យកទៅដាក់ពន្ធនាគារ ដើម្បីរងចាំការជំនុំជម្រះទោសតាមនីតិវិធី។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Fresh News ឲ្យដឹងថា ដា សីហា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទាស» តាមបញ្ញត្តិ ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា ចោរប្លន់ម្នាក់នេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានតាមដីការបស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់) ប្រព្រឹត្តនៅកន្លែងលាងរថយន្ដ តាមបណ្ដោយផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

ប្រភពពីសមត្ថកិច្ច បានបន្ថែមថា ជនត្រូវចោទ គឺជាមុខសញ្ញាចោរឆក់ និងប្លន់ សកម្មបំផុតដែលធ្លាប់ឆក់កាបូប បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅក្នុងទឹកដីខណ្ឌបឹងកេងកងផងដែរ៕