(ភ្នំពេញ)៖ បុរសអ្នករត់តាក់ស៉ីម្នាក់ បានបញ្ចេញវីដេអូបើករថយន្ដដេញបុកទាំងកំរោលពីសំណាក់បុរសម្នាក់នៅខណ្ឌទួលគោក បណ្ដាលឲ្យរថយន្ដរបស់ខ្លួន រងការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ប៉ុន្ដែរហូតមកដល់ពេលនេះ អស់រយៈពេលជាង១០ថ្ងៃមកហើយ ជនបង្កមិនបានចូលខ្លួនមកដោះស្រាយ ទទួលខុសត្រូវចំពោះផ្លូវច្បាប់នោះទេ។

ក្រៅពីបានដាក់ពាក្យបណ្ដឹងជាផ្លូវការ ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក ជនរងគ្រោះដែលជាម្ចាស់រថយន្ដ Prius និងមានមុខរបរជាអ្នករត់តាក់ស៉ីនៅពេលរាត្រី បានស្នើសុំឲ្យអង្គភាពព័ត៌មាន Fresh News សុំឲ្យជួយចុះផ្សាយដើម្បីដឹងដល់អគ្គស្នងការនគរបាលជាតិ ក៏ដូចជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយរកយុត្តិធម៌ និងដោះស្រាយករណីនេះជូនលោក ក្រោយពីជនបង្កមិនបានចូលខ្លួនមកដោះស្រាយទាល់តែសោះ។

លោក ថន សុភក្រ្ត ដែលជនរងគ្រោះបានរៀបរាប់ពីព្រឹត្តិការណ៍នេះ ដល់បណ្ដាញព័ត៌មាន Fresh News ថា កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងរំលងអធ្រាត្រ លោកត្រូវបាននារីម្នាក់ហៅទៅដឹកនៅក្បែរហាងសាច់គោអាំង «ហេងហេង»។ ពេលលោកបើកទៅដល់ក្បែរហាងចម្ងាយប្រហែល២០ម៉ែត្រ ដើម្បីរង់ចាំពីនារីម្នាក់នោះ ក៏ត្រូវបាននាងប្រាប់ថា ចេញមិនរួចដោយត្រូវបានគេចាក់សោរជាប់ ហើយលោកក៏រៀបចំបើករថយន្ដចេញ។

ប៉ុន្ដែភ្លាមៗនោះស្រាប់តែអ្នកបើករថយន្ដ Land Cruiser មកបុកចំពីមុខលាន់យ៉ាងខ្លាំង។ ភ្លាមនោះលោកបានបើករថយន្ដរត់ ប៉ុន្ដែត្រូវជនបង្កបើកដេញតាមទៅបុកមួយតង់ទៀត បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ រហូតរថយន្ដបង្កជ្រុះផ្លាកលេខនៅកន្លែងកើតហេតុទៀតផង។

ក្រោយជួបករណីដ៏រន្ធត់នេះ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ប៉ុន្ដែរហូតមកដល់ថ្ងៃនេះ មិនបានចូលខ្លួនមកដោះស្រាយចំពោះ ហេតុការណ៍នេះនៅឡើយទេ។

តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព ដែលជនរងគ្រោះបង្ហាញឃើញថា ខណៈដែលជនរងគ្រោះកំពុងឈប់រថយន្ដ ស្រាប់តែរថយន្ដ Land Cruiser មកបុកចំពីមុខយ៉ាងខ្លាំងអូសប៉ុន្មានម៉ែត្រ រួចអ្នកបើករថយន្ដ Prius បានបើកគេច តែត្រូវរថយន្ដ Land Cruiser បើកដេញតាមទៅបុកនៅគោលដៅទី២ មុននឹងបើកគេចខ្លួនតែម្ដង៕