(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌កំពុងខិតខំពិនិត្យ និងការពារតាមផ្លូវច្បាប់ ដើម្បីជួយនារីកម្ពុជាម្នាក់ ដែលត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិត ដោយធ្វើយ៉ាងណាឲ្យរួចផុតពីទោស ប្រហារជីវិតវិញ។

នេះជាការអះអាងរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្នុងឱកាសចូលរួមជាអធិបតី ក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ២៦មិថុនា ហើយដុតបំផ្លាញគ្រឿងញៀន និងវត្ថុតាងជាច្រើនទៀត នៅខេត្តស្វាយរៀង។

លោក កើត រិទ្ធ បានឲ្យដឹងថា «ក្រសួងយុត្តិធម៌ ខិតខំពិនិត្យ និងការពារតាមផ្លូវច្បាប់ ទាក់ទងក្រសួងការបរទេស ដើម្បីអនុវត្តន៍តាមកិច្ចព្រមព្រៀងទ្វេភាគី ធ្វើយ៉ាងណាឲ្យផុតពីទោសប្រហារជីវិត»។ នេះជាការបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

តាមការផ្សាយរបស់សារព័ត៌មានវៀតណាម VNA បានឲ្យដឹងថា អំឡុងពេលបញ្ចប់សវនការ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ តុលាការខេត្តតៃនិញ បានកាត់ទោសប្រហារជីវិតនារីខ្មែរម្នាក់ ឈ្មោះថា ម៉ិច ស្រីនាង ពីបទចរាចរណ៍គ្រឿងញៀន ចេញពីកម្ពុជាទៅវៀតណាម។ ស្ត្រីរូបនេះ កើតនៅឆ្នាំ១៩៩៣ ជាអ្នករស់នៅរាជធានីភ្នំពេញ។

ផ្អែកតាមភស្តុតាងដែលដកហូតបាន ម៉ិច ស្រីនាង បានរត់ពន្ធគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៥កញ្ចប់ មានទម្ងន់ ៤,៩៤៣ក្រាម។ ប៉ូលីស បានឃាត់ខ្លួនស្ត្រីរូបនេះ នៅឯច្រកអន្តរជាតិម៉ុកបៃ នៅក្នុងខេត្តតៃនិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

ចំពោះករណីនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនទាន់ហ៊ានប្រាប់លម្អិត ពីការអន្តរាគមន៍របស់ក្រសួងការបរទេសកម្ពុជា ទៅក្រសួងការបរទេសវៀតណាមនៅឡើយទេ ដោយសារលោកថា ជារឿងផ្ទៃក្នុង។ ទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា កម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើអ្នកទោសជនជាតិខ្មែរនេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ លោក កុយ គួង បានឲ្យដឹងទៀតថា បើតាមនីតិវិធីនោះ ម៉ិច ស្រីនាង មិនទាន់ក្លាយជាទណ្ឌិត ដែលគេត្រូវប្រហារជីវិតទេ ព្រោះសាលក្រមមិនទាន់ចូលជាស្ថាពរ ហើយតុលាការខេត្តតៃនិញ ទុកពេលឲ្យ ១៥ថ្ងៃ ដើម្បីឲ្យអ្នកទោសកម្ពុជា ដាក់ពាក្យប្តឹងទាស់នឹងការសម្រេចខាងលើ។ អ្នកនាំពាក្យក្រសួងការបរទេស បានយកប្រភពពីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងហូជីមិញ ដែលអះអាងថា ម៉ិច ស្រីនាង បានដាក់ពាក្យប្តឹងឧទ្ធរណ៍រួចហើយ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្នហ្នឹង តាមព័ត៌មានពីអគ្គកុងស៊ុល (កម្ពុជា) នៅហូជីមិញ គឺសាមីខ្លួនបានដាក់ពាក្យប្តឹងឧទ្ធរណ៍ហើយ ដូច្នេះនីតិវិធី ១៥ថ្ងៃហ្នឹង យើងប្តឹងពេលណាក៏បាន។ អញ្ចឹងនីតិវិធីតុលាការគេបន្តទៀត មិនមែនបញ្ចប់ត្រឹមតុលាការខេត្តគេត្រឹមហ្នឹងទេបាទ»។

លោក កុយ គួង ថែមទាំងបានបង្ហើបថា ពាក់ព័ន្ធនឹងការងារនេះ កម្ពុជាកំពុងប្រឹងប្រឹងរកវិធីដោះស្រាយ ហើយដោយសារកម្ពុជា និងវៀតណាម មានកិច្ចព្រមព្រៀងស្តីពីការផ្ទេរអ្នកទោសនោះ កម្ពុជាក៏គ្រោងនឹងស្នើសុំ ម៉ិច ស្រីនាង មកកាត់ក្តីនៅកម្ពុជាឡើងវិញផងដែរ៕