(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានចេញលិខិតជូនពរ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៦៨ ឈានចូល៦៩ឆ្នាំ។ នេះបើតាមលិខិតជូនពរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងលិខិតជូនពរ បានសរសេរយ៉ាងដូច្នេះថា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់៦៨ ឈានចូល ៦៩ឆ្នាំ នាពេលខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមជូននូវសព្ទសាធុការពរបវរសួស្ដី សិរី មង្គលជូនចំពោះសម្ដេចតេជោ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បី បន្តដឹកនាំប្រទេសជាតិឆ្ពោះ ទៅរកការអភិវឌ្ឍប្រកបដោយភាពសម្បូរសប្បាយរុងរឿងជារៀងរហូតតទៅ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះដែរ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ សម្ដេចតេជោ ដែលតែងតែបាន យកឆន្ទៈមនសិការ បញ្ញាញាណ ពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនឲ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើង ទទួលបាននូវកិត្តិសព្ទល្បីល្បាញទាំង ក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ជាថ្មីម្ដងទៀត តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា ខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ សម្ដេចតេជោ និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ស្រី ជាទីស្រឡាញ់របស់ សម្ដេច សូមបានប្រកបដោយព្រះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕