(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានក្រើនរំឮកដល់សិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យម៉ឺងម៉ាត់ សីលធម៌ល្អ ស្អាតស្អំ មានមនុស្សធម៌ មានឥរិយាបទ ក្នុងនាមជាកងទ័ពដែល «ប្រសូត្រចេញពីប្រជាជន បម្រើប្រជាជន ជួយប្រជាជន» ហើយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខនិកៈទូទៅ បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ ពិសេសគឺត្រូវគោរពយោធាចារ្យ និងខិតខំត្រង់ត្រាប់ស្តាប់ការឧទ្ទេសនាមរបស់គ្រូ និងកត់ត្រាឱ្យបានច្បាស់លាស់។

ការក្រើនរំឮកបែបនេះ របស់នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉ន កងអនុសេនាធំប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយមានការចូលរួមពីសំណាក់ឧត្តមសេនីយ៍ ឧត្តមសេនីយ៍ទោ មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម ស្នងការរង នាយការិយាល័យ មេបញ្ជាការកងឯកភាព នាយទាហាន នាយទាហានរង ពលទាហាន និងសិក្ខាកាមជាក្រុមប្រតិបត្តិករ ការរុករកសង្គ្រោះគ្រោះមហន្តរាយ ចូលរួមចំនួន៤៧០នាក់។

ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ បានថ្លែងថា ក្រោយពេលបញ្ចប់វគ្គត្រឡប់ទៅអង្គភាពវិញ ក្នុងចំណោមសិក្ខាកាមពូកែត្រូវធ្វើការឧទ្ទេសនាមបង្រៀនដល់យោធិនដទៃឱ្យបានចេះគ្រប់ៗគ្នា គ្រប់មុខជំនាញឯកទេស និង «រៀនមេរៀនថ្មី រំឮកមេរៀនចាស់»

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានបន្តថា យោធិនគ្រប់រូបត្រូវចងចាំជានិច្ច នូវពាក្យស្លោកសំខាន់គឺ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញ!។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានដាល់តឿនដល់នាយទាហាន ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំថែរក្សារាល់មធ្យោបាយ គ្រឿងចក្រ គ្រឿងបំបាក់ ដើម្បីមានលទ្ធភាព សមត្ថភាពខ្ពស់ និងប្រសិទ្ធភាពបំផុត ក្នុងពេលចេញប្រតិបត្តិការរុករកសង្គ្រោះគ្រោះមហន្តរាយ នៅគ្រប់កាលៈទេសៈ។ ទន្ទឹនមនឹងនេះដែរ នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ គឺត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និងម៉ឺងម៉ាត់បំផុងក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក ពៅ ផារី នាយរងសេនាធិការចម្រុះ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ បានបញ្ជាក់ថា ការអនុវត្តន៍ដោយជោគជ័យនូវ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជា មានសន្តិភាព មានស្ថេរភាពសង្គម មានការឯកភាពជាតិ ឯកភាពទឹកដី ដែលមិនធ្លាប់កើតមានសម្រាប់ប្រជាជាតិមួយនេះអស់រយៈពេលជាង៥០០ឆ្នាំមកហើយ។

បន្ថែមទៅលើនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ក៏បានផ្តួចផ្តើមចក្ខុវិស័យបន្ថែមទៀត ដោយបានដាក់ចេញនូវនយោបាយយុទ្ធសាស្ត្រចតុកោណ ដែលមកដល់បច្ចុប្បន្ននេះ ស្ថិតក្នុងដំណាក់កាលទី៤ហើយ គឺសង្កត់ធ្ងន់ទៅលើ នយោបាយកសាងព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ដើម្បីឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

ឧត្តមសេនីយ៍ឯក ពៅ ផារី បានបន្តថា ក្នុងនោះដែរ កងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ បានចូលរួមយ៉ាងសកម្ម ស្រួចស្រាវបំផុត ក្នុងការសង្គ្រោះប្រជាជន ដែលរងគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ក្រៅពីភារកិច្ចស្នូលរបសខ្លួន។

ជាក់ស្តែងកងម្លាំងវិស្វកម្មបានចូលរួមសង្គ្រោះប្រជាជនដែលរងគ្រោះដោយការបាក់រលំអាគារ៧ជាន់ នៅក្រុងកំពង់សោម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ និងឧបទ្ទវហេតុបាក់រលំអាគារនៅខេត្តកែប នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដែលមានមនុស្សរងគ្រោះកប់ក្នុងគំនរបាក់បែកជាច្រើននាក់ ដែលរាល់ប្រតិបត្តិការនៅគ្រប់ទិសទី កងកម្លាំងវិស្វកម្មយើងបានប្រកាន់ខ្ជាប់នូវទឹកចិត្តអង់អាចក្លាហាន អំណត់តស៊ូ មិនរួញរា មិនថមថយ ខិតខំប្រឹងប្រែងពុះពាររាល់ឧបសគ្គ គ្រោះថ្នាក់ដល់អាយុជីវិត ដោយឆន្ទៈមោះមុត ស្មារតីទទួលខុសត្រូវខ្ពស់ឥតឈប់ឈរ រួមកម្លាំងគ្នាធ្វើការរុករកសង្គ្រោះ ទាំងយប់ទាំងថ្ងៃ រហូតសម្រេចបានជោគជ័យ ក្នុងការជួយសង្គ្រោះនៃហេតុការណ៍នោះ៕