(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះថា ហេតុការណ៍បាញ់ប្រហារមួយនៅកន្លែងល្បែងស៉ីសង ក្នុងទីក្រុងបាងកក ក៏បានបណ្ដាលឲ្យស្ដ្រីខ្មែរម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

បើតាមលោក គុយ គួង ដែលដកស្រង់សម្ដីរបស់អាជ្ញាធរថៃ បានអះអាងថា ក្នុងហេតុការណ៍នោះ បណ្តាលឲ្យមានអ្នករងរបួសចំនួន ២នាក់ និងស្លាប់ចំនួន៤នាក់ ដែលនៅក្នុងចំណោមអ្នកស្លាប់ មានពលរដ្ឋខ្មែរម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមថា រហូតមកដល់នេះ ស្ថានទូតកំពុងធ្វើការជាមួយអាជ្ញាធរថៃ ជាពិសេសជាមួយនគរបាលថៃ ហើយមន្រ្តីស្ថានទូតបានធ្វើដំណើរ ទៅកាន់កន្លែងតម្កល់សព ចូលរួមសង្កេតការក្នុងការធ្វើកោសល្យវិច័យរកមូលហេតុនៅពីក្រោយការបាញ់សម្លាប់។

ស្ថានទូតក៏បានធ្វើទំនាក់ទំនងជាមួយសាច់ញាតិនៅខ្មែររួចហើយ និងសាច់ញាតិបានស្នើស្ថានទូតជួយសម្របសម្រួល និងចេញឯកសារនាំសព ទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអះអាងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលនេះផងដែរថា អាជ្ញាធរខេត្ត កំពុងធ្វើការជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណាសម្រួលកិច្ចការងារផ្សេងៗ ដើម្បីយកសាកសពមកធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតរបស់ស្ដ្រីរងគ្រោះខាងលើផងដែរ៕