(កណ្ដាល)៖ អាសូរណាស់! កុមារីអាយុ៣ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ បន្ទាប់ពីកុមារីរងគ្រោះរូបនេះ បានយកពូថៅ មកដំព្រីភ្លើងរហូតបែក រួចយកចង្អុលដៃលូកចូលព្រីភ្លើងបណ្ដាលឱ្យឆក់តែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ។

កុមារីរងគ្រោះមានឈ្មោះ បញ្ញា ស្រីឡា អាយុ៣ឆ្នាំ មានទីលំនៅជាមួយម្ដាយឪពុក ក្នុងភូមិឃុំកើតហេតុខាងលើ។ នៅមុនពេលកើតហេតុ ឪពុករបស់កុមារីរងគ្រោះ បានទៅធ្វើការដូចធម្មតា ចំណែកកុមារីរងគ្រោះ បាននៅផ្ទះជាមួយម្តាយ។ លុះដល់ម៉ោងកើតហេតុ ម្តាយកុមារីរងគ្រោះក៏បានចេញទៅទិញម្ហូប ដោយទុកកុមារីរងគ្រោះឱ្យនៅតែម្នាក់ឯង។

ពេលម្តាយចេញទៅបាត់ កូនស្រីក៏បានទាញព្រីភ្លើងដែលទុកនៅលើគ្រែធ្លាក់មកដីនោះ យកមកដំលេងជាមួយនឹងពូថៅ។ បណ្ដាលឱ្យបែកហើយក៏ព្យាយាម លូកដៃលេង ក៏ត្រូវឆក់ស្លាប់ម្នាក់ឯងនៅកន្លែងកើតហេតុតែម្តងទៅ។

លុះម្តាយត្រឡប់មកវិញ ឃើញកូនដេកផ្ទាល់នឹងដី មានការសង្ស័យ ក៏បញ្ជូលកូនទៅមន្ទីរពេទ្យនៅជិតនោះ។ ប៉ុន្តែ លោកគ្រូពេទ្យបានប្រាប់ថា កុមារី បញ្ញា ស្រីឡា បានស្លាប់បាត់ទៅហើយ។

ភ្លាមៗក្រោយពីទទួលបានព័ត៌មានមន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះមកធ្វើការពិនិត្យសាកសពរួច ក៏បញ្ជូនសពកុមារីរងគ្រោះឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕