(ភ្នំពេញ)៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការបើកឲ្យជនបរទេសចូលមកតាំងពិព័រណ៍នៅកម្ពុជា ដើម្បីឲ្យអ្នកផលិតខ្មែរយើង អាចសិក្សាពីទំនិញរបស់គេ និងអាចទទួលបានបទពិសោធន៍ថ្មីៗ។

ការលើកឡើងបែបនេះ របស់លោក ស៊ាង ថៃ ដើម្បីឆ្លើយតបនឹងការលើកឡើង អំពីមតិរបស់មហាជន មានការព្រួយបារម្ភថា ការបើកឲ្យបរទេស ចូលតាំងពិព័រណ៍ច្រើននៅកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ទំនិញក្នុងស្រុក។

ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News លោក ស៊ាង ថៃ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម មានប្រកាសដើម្បី អនុញ្ញាតឲ្យក្រុមហ៊ុនបរទេស និងអង្គការនានាអាចតាំងពិព័រណ៍នៅក្នុងប្រទេសយើងបាន...ហើយកម្ពុជាក៏អាចដាក់តាំងពិព័រណ៍ នៅប្រទេសគេបានដូចគ្នា»

លោក ស៊ាង ថៃ បានលើកឡើងថា កិច្ចការនេះមានទៅមានមក ហើយក្រសួងរៀបចំ ប្រកាសនេះផ្អែកទៅលើផលប្រយោជន៍ របស់ប្រជាជនខ្មែរ ក៏ប៉ុន្ដែមិនឲ្យខុសពីនីតិវិធីច្បាប់ទម្លាប់របស់តំបន់ ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោកនោះឡើយ។

បន្ថែមពីនោះទៀត លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា «ប្រសិនបើយើងប្រកាន់ថា ត្រូវតែបិទមិនឲ្យគេ ចូលមកដាក់តាំងពិព័រណ៍នៅកម្ពុជាទេ គេក៏អាចបិទមិនឲ្យយើង ទៅដាក់តាំងពិព័រណ៍ នៅប្រទេសគេដែរ»

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានលើកឡើងថា ដូច្នេះគឺមិនអាចថា ត្រូវបិទពិព័រណ៍បរទេស ព្រោះនៅពេលដែលគេ មកតាំងពិព័រណ៍ គឺយើងមានឱកាស រៀនសូត្រពីគេបានច្រើន។

លោក ស៊ាង ថៃ បានបញ្ជាក់ទៀតថា អ្នកផលិតខ្មែរ មានឱកាសរៀនសូត្រ នៅពេលដែលបរទេស មកដាក់តាំងពិព័រណ៍នៅកម្ពុជា ដែលអាចឲ្យយើងសិក្សាបាន ពីការវិចខ្ចប់ផលិតផលរបស់គេ និងទទួលបានបទពិសោធន៍ថ្មីៗ។

លោក ស៊ាង ថៃ បានឲ្យដឹងថា ចំពោះបញ្ហាវេចខ្ចប់នេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ធ្លាប់បានលើកឡើងដែរថា សម្រាប់ផលិតផលនីមួយៗ មុននឹងគេទិញយកមកប្រើប្រាស់ ឬក៏បរិភោគ គឺត្រូវឆ្លងកាត់ការមើលរបស់អ្នកទិញ នូវរូបរាងខាងក្រៅរបស់ផលិតផលនោះ។ ដូច្នេះ ប្រសិនបើផលិតផល ក្នុងស្រុកមានការខ្វះខាត នូវចំណុចណា គឺអាចកែសម្រួលឡើងវិញ ហើយនៅពេលនោះ ផលិតផលក្នុងស្រុករបស់យើង នឹងអាចទាក់ទាញ ចំណាប់អារម្មណ៍ភ្ញៀវបានកាន់តែច្រើន។

លើសពីនោះទៀត លោក ស៊ាង ថៃ បានគូសបញ្ជាក់ថា សម្រាប់ការលើកឡើងថា ការយកទំនិញបរទេសមកចូលច្រើន គឺមិនមានទេ, ការយកទំនិញតាមការ ដាក់តាំងពិព័រណ៍បរទេសនេះ គឺមានតិចតួច ព្រោះថា ទំនិញ គឺបានចូលមកតាមច្រកព្រំដែន ដែលបានឆ្លងកាត់ផ្លូវច្បាប់។

លោក ស៊ាង ថៃ ក៏សូមស្នើឲ្យប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលក្នុងស្រុក ព្រោះថា ការជួយគាំទ្រនេះ អាចលើកទឹកចិត្ត ឲ្យអ្នកផលិត អាចផលិតផល កាន់តែល្អប្រសើរជាងមុន មានគុណភាពល្អជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ហើយក៏អាចនឹងផ្គត់ផ្គង់ ទៅក្រៅស្រុកផងដែរ៕