(កណ្តាល)៖ មន្ត្រីសមាគមអតីតយុទ្ធជនកម្ពុជា បានមើលឃើញការដាំដុះបន្លែជាចលករថ្មីមួយ ដើម្បីរួមចំណែកទ្រទ្រង់ និងលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនកម្ពុជា។ សមាគមក៏បាននិងកំពុងស្វះស្វែងរកវិធីជួយគាំទ្រ និងជំរុញដល់ការដាំដុះបន្លែរបស់អតីតយុទ្ធជនផងដែរ។

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ទោ គីម សុផារុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងលោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យមើលការគ្រប់គ្រងការផលិតបន្លែសរីរាង្គ នៅសហគមន៍កសិកម្មបន្លែបៃតងសុវត្ថិភាពក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

ការចុះពិនិត្យនេះ ក្នុងគោលបំណងស្វែងយល់ពីការងារលើការងារនេះ ដើម្បីសិក្សាលទ្ធភាពលើកគម្រោងជួយលើកស្ទួយជីវភាពអតីតយុទ្ធជនដែលជាសមាជិករបស់សមាគម។

លោកប្រធានសហគមន៍ បានធ្វើបទបង្ហាញពីជីវប្រវត្តិនៃការបង្កើតសហគមន៍នេះ ការគ្រប់គ្រងសេវាកម្ម និងលទ្ធផលសម្រចបានរបស់សហគមន៍រយៈពេល៣ឆ្នាំកន្លងទៅ។

លោក ផៃ ប្រុស កសិករគំរូ បានបង្ហាញពីចំណាប់អរម្មណ៍ និងភាពជោគជ័យក្នុងជីវភាពគ្រួសារចាប់តាំងពីគាត់បានផ្លាស់ប្តូរពីការដាំបន្លែប្រើថ្នាំគីមី មកដាំបន្លែបៃតងធម្មជាតិតាមការណែនាំ និងសិក្សារៀនសូត្រជាមួយមន្ទីរកសិកម្មខេត្តកណ្តាល។

កសិករគំរូរូបនេះ បានគូសបញ្ជាក់ថា ឥលូវចំណូលរបស់លោកកើនឡើងដោយប្រមូលផលបាន ៦ដងក្នុង១ឆ្នាំ ហើយបន្លែបៃតងធម្មជាតិនេះ មានតម្រូវការទីផ្សារខ្ពស់ ដោយមានអ្នកទទួលទិញមកប្រមូលទិញដល់កន្លែងតែម្តង។

បន្ទាប់ពីបានស្តាប់បទបង្ហាញ និងស្វែងយល់ពីសហគមន៍កសិកម្មបន្លែបៃតងសុវត្ថិភាពរួច លោកអភិបាលរងខេត្ត និងឧត្តមសេនីយ៍ទោ គីម សុផារុន និងអ្នកអមដំណើរបានចុះពិនិត្យផ្ទាល់នៅសួនបន្លែបៃតងធម្មជាតិ។

ឧត្តមសេនីយ៍ទោ គីម សុផារុន បានវាយតម្លៃខ្ពស់ចំពោះបច្ចេកដាំដុះបន្លៃបៃតងគ្មានគីមីរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្អាងនេះ។ លោក បានបន្តថា លោកសិក្សាលទ្ធភាព ដើម្បីយកបទពិសោធន៍ និងចំណេះដឹងពីការដាំដុះបន្លៃបៃតងគ្មានជាតិគីមីនេះទៅចែកជូនដល់អតីតយុទ្ធជន ហើយរកលទ្ធភាពជួយគាំទ្រដល់ការដាំដុះរបស់ពួកគាត់ថែមទៀតផង៕