(បន្ទាយមានជ័យ)៖ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យសិស្សានុសិស្ស ដែលបោះបង់ការសិក្សា មកចាប់យកការរៀនជំនាញបច្ចេកទេសជំនាញវិជ្ជាជីវៈ សម្រាប់ជួយដល់សិស្សានុសិស្សមានជំនាញពិតប្រាកដ ហើយអាចរកចំណូលបាន និងអាចជួយខ្លួនឯងដើម្បីបន្តការរៀនសូត្រទៅខាងមុខទៀត។

ការជំរុញបែបនេះរបស់លោកស្រី រស់ សុផានី បានធ្វើឡើងនៅក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី «ការកសាងពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្ពោះទៅកាន់ពិភពការងារ» ដែលគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រចាំតំបន់ (ដំណាក់កាលទី៤) និងមានការចូលរួមពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ កញ្ញា ម៉ារី ហបមែន ទីប្រឹក្សា នៃគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រចាំតំបន់ សិក្ខាកាមដែលចូលសរុប ៣៤នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទយមានជ័យ ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ។

លោកស្រី រស់ សុផានី បានបន្តថា សិស្សដែលបានបញ្ចប់ការសិក្សាចេញពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ងាយរកការងារធ្វើជាមួយនឹងប្រាក់បៀរវត្សខ្ពស់ ហើយយ៉ាងវិញទៀត បច្ចុប្បន្នសាលាអប់រំបណ្តុះបណ្តាលបច្ចេកទស និងវិជ្ជាជីវៈទាំងក្នុងស្រុក និងក្រៅស្រុក គឺមានដៃគូរច្រើនជាមួយវិស័យឯកជន ដែលនេះជាឱកាសល្អសម្រាប់ការទំនាក់ទំនង សម្របសម្រួល និងកែតម្រូវទៅតាមតម្រូវការជំនាញវិជ្ជាជីវៈដែលក្រុមហ៊ុនឯកជនចង់បាន ជាពិសេសសម្រាប់ការបញ្ជូនសិស្សចុះទៅហាត់ការងារ ឬធ្វើការងារនៅជាមួយក្រុមហ៊ុនឯកជននោះផ្ទាល់តែម្តង ក្រោយពីបញ្ចប់ការសិក្សាជំនាញ។

លោកស្រីអភិបាលរងខេត្ត បានឱ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យ មានមជ្ឈមណ្ឌលការងារ ដែលមានសេវាកម្មប្រឹក្សាការងារ និងផ្គូរផ្គងអ្នករកការងារធ្វើទៅនឹងក្រុមហ៊ុនឯកជននានា ដែលនេះជាឱកាសដ៏ល្អវិសេសវិសាល សម្រាប់សិស្សដែលបញ្ចប់ជំនាញវិជ្ជាជីវៈ។

ក្នុងឱកាសនោះដែរលោកស្រីអភិបាលរងខេត្ត ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រចាំតំបន់របស់អង្គការ GIZ ដែលបានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីជំរុញ និងលើកកម្ពស់វិស័យនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលជាផ្នែកមួយនៃការលើកកម្ពស់វិស័យការងារក្នុងស្រុក និងគាំទ្រដល់ដំណើរការអាជីវកម្មរបស់សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះ មានសារៈសំខាន់ក្រៃលែងនឹងបង្កើតបានជាបណ្តាញទំនាក់ទំនងគ្រប់ភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានដល់លោក លោកស្រីជាថ្នាក់ដឹកនាំមកពីតាមវិទ្យាល័យ អនុវិទ្យាល័យ និងបណ្តារអង្គការនានា ដែលធ្វើការងារក្នុងវិស័អប់រំ ដើម្បីបានដឹងពីលក្ខខណ្ឌ និងព័ត៌មានស្តីពី វិស័យនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក៏ដូចជាព័ត៌មានពីតម្រូវការទីផ្សារការងារ ពីខាងវិស័យឯកជន ដើម្បីជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលចង់រៀនជំនាញវិជ្ជាជីវៈ។

បើតាមកញ្ញា ម៉ារី ហបមែន ក៏បញ្ជាក់ថា បេសកកម្មរបស់គម្រោងកញ្ញា គឺផ្តោតសំខាន់ទៅលេីការការកសាងសម្ថភាព, លេីកកម្ពស់វិស័យការងារ, ជួយលេីកកម្ពស់វិស័យកម្មនៅកម្ពុជាជាដេីម។

កញ្ញបានបញ្ជាក់បន្ថែមថា ការរៀបចំសិក្ខាសាលានេះមានគោលបំណងសំខាន់ៗ៤ គឺទី១៖ បង្កេីនទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធ, ទី២៖ ផ្តល់ព័ត៌មានដែលជាតម្រូវការ, ទី៣៖ លេីកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវ និងទី៤៖ យល់ដឹងពីតម្រូវការងារ៕