(កំពង់ស្ពឺ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ព្រមជាមួយក្រុមការងារ បានអញ្ជើញប្រគល់វិញ្ញាបនបត្រគ្រប់គ្រងគុណភាពស្តង់ដារ ISO 9001-2015 ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា ក្រោមម្លប់សន្តិភាពដែលធ្វើឱ្យសាលា បានបណ្តុះបណ្តាលកម្រិតស្តង់ដា ISO ជូនសិស្ស លើកនេះជាវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ ដោយបានបណ្តុះបណ្តាលធនធានទាំងបី ដែលយើងត្រូវការចាំបាច់នោះ គឺធនធានរូបវ័ន្ត ធនធានហិរញ្ញវត្ថុ ធនធានមនុស្ស ក្នុងវិស័យព័ត៌មានក៏ជាធនធានមួយមិនអាចខ្វះបានឡើយ។ កត្តាដែលសំខាន់ជាងគេ គឺធនធានមនុស្ស ដូច្នេះហើយក្នុងរបបដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាងសាលារៀនជាច្រើនតាំងពីជនបទរហូតទីក្រុង។

លោកបណ្ឌិតបានបន្តថា ការចែកវិញ្ញាប័នបត្រ គឺបានបង្ហាញថាយើងទទួលបានធនធានមនុស្សជាច្រើន និងថែមទាំងទទួលស្គាល់ជាអន្តរជាតិថែមទៀត។

លោកបណ្ឌិតបានក្រើនរំឮកចំពោះសិស្ស និសិត្សទៀតថា បើទោះបីជាបែបណាយើងគ្រប់គ្នាត្រូវគិតគូរ អំពីជំងឺកូវីដ-១៩ ត្រូវការពារសុខភាពយើងឱ្យបានទាំងអស់គ្នា ដែលយើងត្រូវគោរពឱ្យបាននៅវិធានការសុខាភិបាល និងពាក់ម៉ាស់ បាញ់អាកុល សម្លាប់មេរោគជាប្រចាំតបតាមពុទ្ធមានដីការបស់ព្រះពុទ្ធ «កុំប្រមាទ» ចំពោះបញ្ហាជំងឺកូវីដ-១៩នេះ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា មានគំនិតជាយូរឆ្នាំមកហើយ បំណងឱ្យសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងទទួលបានគុណភាព ISO ដែលបំណងនេះបានទទួលទូរទាំងប្រទេសមានសាលាបណ្តុះបណ្តាល២៣ ហើយដែលទទួលបាន ISO តាមគោលបំណងរបស់លោក ដើម្បីទទួលបាន ISO9001-2015 យើងត្រូវគោរពឱ្យបាននៅគុណភាព ដែលអាចទទួលយកបាន។

សូមរំលឹកថា មានសាលាបណ្តុះបណ្តាលសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ កម្រិត២ និងកម្រិត៣ លើជំនាញអគ្គិសនី ព័ត៌មានវិទ្យា សំណង់ស៊ីវិល និងយន្តសាស្រ្តទូទៅ។ ជំនាញទាំងអស់នេះ ត្រូវបានសិក្សាបំប៉នបន្លែមជាមួយនឹងភាសាអង់គ្លេស ចិន និងជំនាញទន់។ វាជានិយាមមួយត្រឹមត្រូវច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការត្រួតពិនិត្យវាស់វែង និងតាមដានទៅលើនីតិវិធីតាមប្រព័ន្ធស្តង់ដាអន្តរជាតិ នៃប្រតិបត្តិការរបស់អង្គភាព ពេលយើងអនុលោមតាមនីតិវិធី ISO វាប្រាកដណាស់ ដើម្បីជំរុញអង្គភាពសម្រេចបាននូវភាពរីកចម្រើន ទៅមុខជាមួយបរិយាកាសការងារប្រកប ដោយសុខុមរម្យនា និងសាមគ្គីភាពទ្វេឡើង។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ មានផ្ទៃដីទំហំ១៤,៣៧៥ម៉ែត្រការ៉េ មានគ្រូបច្ចេកទេសសរុបចំនួន ៨០នាក់ ស្រី២៣នាក់ និងបានបណ្តុះបណ្តាលសិស្ស និស្សិត សិក្ខាកាមក្នុងឆ្នាំសិក្សានេះបានចំនួន១,១៣៥នាក់ ស្រី៣១២នាក់ ក្នុងនោះកម្រិតសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេសចំនួន ៥៣នាក់ ស្រីចំនួន១៣នាក់ លើជំនាញអគ្គិសនី និងព័ត៌មានវិទ្យា។

កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១,២,៣ មានចំនួន១៧០នាក់ ស្រីចំនួន៤៣នាក់ លើមុខរបរសេវាកម្មកុំព្យូទ័រ ជាងកំបោរ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ និងការថែទាំជួសជុលរថយន្ត។

កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈរយៈពេលខ្លី បានចំនួន៩១២នាក់ ស្រីចំនួន២៥៦នាក់ លើជំនាញផ្សារដែក ជាងកំបោរ ជាងម៉ាស៊ីនត្រជាក់ ជួសជុលរថយន្ត មេជាងរៀបការ៉ូ រៀបឥដ្ឋ និងជាងបូកជាដើម៕