(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានព្រមានចាត់វិធានការ ចំពោះអាជីវកររូបណា នៅតែបន្តសង់រំលោភយកផ្លូវ និងយកផ្លូវសាធារណៈមកធ្វើជាកន្លែងលក់ដូរ ដែលនាំឱ្យបាត់បង់សោភ័ណភាពទីក្រុង។

បន្ថែមពីនេះ ក្នុងករណីដែលប្រជាពលរដ្ឋ និងអាជីវកមិនចូលរួមអនុវត្តវិធានការ របស់រដ្ឋបាលក្រុងទេ សមត្ថកិច្ចព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តចុះរុះរើយកសម្ភារ និងទំនិញផ្សេងៗចេញពីទីតាំងដែលបានកំណត់ ហើយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់នោះឡើយ។

ការព្រមានបែបនេះ របស់លោក សរ សុដានី បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវជុំវិញផ្សារវាយន្ត ក្រុងខេត្តស្វាយរៀង។

លោកបានឱ្យដឹងថា រដ្ឋបាលក្រុងបានជូនដំណឹង ក៏ដូចជាអំពាវនាវដល់អាជីវករលក់ដូរ នៅផ្សាវាលយន្ត ក្រុងស្វាយរៀង ឱ្យចូលរួមអនុវត្តតាមសេចក្ដីណែនាំ របស់រដ្ឋបាលសាលាក្រុង ដើម្បីឱ្យមានរបៀបរៀបរយ និងសោភ័ណភាពផ្សារ និងក្រុងស្វាយរៀងទាំងអស់គ្នានោះ។

លោក សរ សុដានី បានបន្ថែមថា ដើម្បីសោភ័ណភាពក្រុងស្វាយរៀង ឱ្យមានរបៀបរៀបរយល្អនោះ អាជ្ញាធរក្រុងតែងតែចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់ ជាពិសេសផ្លូវជុំវិញផ្សារវាលយន្ត ដែលអាជីវករមួយចំនួនបានរំលោភយកចិញ្ចើមផ្លូវ ធ្វើជាកន្លែងលក់ដែលបង្កឲ្យកកស្ទះចរាចរណ៍។

លោកបានបន្ថែមថា រយៈកាលកន្លងមកក៏បានឱ្យអាជីវករ ដែលសង់សំយាបលយចូលចំណីផ្លូវ គឺក្រុមការងារបានកាត់ចេញ និងប្រាប់លែងឱ្យសង់រំលោភយកផ្លូវតទៅទៀត ចំណែកអាជីវករលក់លើចិញ្ចើមផ្លូវ គឺបានឱ្យពួកគាត់បង្ខិតឱ្យផុតពីផ្លូវពោលលក់ចូលក្នុងផ្សារវិញ មិនឱ្យមានការលក់លើចិញ្ចើមផ្លូវទៀតទេ។

លោកបានបញ្ជាក់ថា «អាជ្ញាធរខំប្រឹងរៀបចំសណ្តាប់ធ្នាប់នេះ គឺដើម្បីប្រជាពលរដ្ឋទូទៅ មិនមែនដើម្បីបុគ្គលណាម្នាក់ទេ ដើម្បីសោភ័ណភាព ដើម្បីភាពងាយស្រួលឱ្យប្រជាពលរដ្ឋទូទៅអាចធ្វើដំណើរ ងាយស្រួលទិញទំនិញដែលតាំងលក់នៅក្នុងផ្សារ ចុះហេតុអីប៉ុណ្ណឹងអាជីវកតធ្វើមិនបាន? ក្នុងនាមរដ្ឋបាលក្រុង គឺចង់ឃើញបងប្អូនភ្ញាក់រំឮកដោយខ្លួនឯងធ្វើដោយសុចចិត្តទើបជាគំរូល្អបំផុត»