(ភ្នំពេញ)៖ លោក ក្រាញ់ តូនី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋបាលស្តីទី នៃ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្មសិក្សា និងផ្លាស់ប្តូរបទពិសោធន៍រយៈពេលមួយសបា្តហ៍រវាង អ.វ.ត.ក.និងក្រសួងមុខងារសាធារណៈនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ថា ក្រៅពីមានតួនាទីក្នុងការស្វែងរកយុត្តិធម៌និងការពិតជូនជនរងគ្រោះ សាលាក្តីខ្មែរក្រហមបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាព និងកសាងធនធានមនុស្សនៅកម្ពុជាលើផ្នែកច្បាប់ និងការគ្រប់គ្រងផ្នែករដ្ឋបាល។

លោក ក្រាញ់ តូនី បានមានប្រសាសន៍ថា៖ ទន្ទឹមនឹងអាណត្តិផ្តល់យុត្តិធម៌របស់ខ្លួន អ.វ.ត.ក ក៏មានកាតព្វកិច្ចចូលរួមចំណែកក្នុងការកែទម្រង់ទូទៅ តាមរយៈការចែករំលែកបទពិសោធ និងការពង្រឹងសមត្ថភាពផងដែរ។

មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈទទួលបន្ទុកផ្នែកបណ្ណាសារ និងកិច្ចការរដ្ឋបាលចំនួន ១២រូបបានចូលរួមវគ្គបណ្តុះបណ្តាលកម្មសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ រវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិងក្រសួងមុខងារសាធារណៈចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២០។
វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះរៀបចំឡើងដោយឆ្លើយតប ទៅនឹងសំណើរបស់លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មកកាន់លោក ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពិនិត្យលទ្ធភាពជួយបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្រសួងមុខងារសាធារណៈ លើផ្នែកបណ្តាសារនិងកិច្ចការរដ្ឋបាលដោយផ្អែកលើ បទពិសោធល្អរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

ក្នុងរយៈពេលនៃការបណ្តុះបណ្តាលខ្លីនេះ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈទទួលបន្ទុកផ្នែកបណ្ណាសារនិងកិច្ចការរដ្ឋបាលទាំង ១២ រូបបានស្តាប់បទបង្ហាញរបស់ឯកឧត្តម ថោង សុជាតិ ប្រធានផ្នែកថវិកានិងហិរញ្ញវត្ថុ បទបង្ហាញពីលោក រោង ឈង ប្រធានផ្នែកធនធានមនុស្ស បទបង្ហាញរបស់លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ រួមនឹងបទបង្ហាញពីមន្ត្រីជំនាញទទួលបន្ទុកផ្នែកឯកសារ សំណុំរឿង និងផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍។ ក្រៅពីនេះមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈទាំង១២ រូបនឹងចូលរួមអនុវត្តការងារជាក់ស្តែងតាមផ្នែកនីមួយៗក្នុងផ្នែករដ្ឋបាលនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា។