(ភ្នំពេញ)៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ដ៏ធំមួយនៅកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុទូទាត់កម្ចី ដែលអនុញ្ញាតឲ្យអតិថិជនទាំងអស់របស់ដាប់ប៊ែលយូប៊ី ហ្វាយនែន អាចទូទាត់ប្រាក់កម្ចីប្រកបដោយភាពងាយស្រួលតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេស។

ឥឡូវនេះ អតិថិជនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន អាចទូទាត់ប្រាក់កម្ចីរបស់ខ្លួន បានឆាប់រហ័សតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ដែលស្ថិតនៅជិតបំផុត នៅទូទាំងប្រទេសកម្ពុជា ដោយមិនគិតកម្រៃសេវា។

លោក លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា «ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្តេជ្ញាអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុ ឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតសម្រាប់អតិថិជន តាមរយៈការផ្តល់នូវជម្រើសសម្បូរបែប ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងដើម្បីបំពេញតម្រូវការរបស់អតិថិជនបានកាន់តែប្រសើរ»

លោកបន្ដថា «ភាពជាដៃគូនេះ បានពង្រឹង និងពង្រីកបណ្តាញទូទាត់ប្រាក់កម្ចី ឲ្យកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្រៅពីការទូទាត់ប្រាក់កម្ចី តាមរយៈបណ្តាយសាខាទាំង១៣៦ទូទាំងប្រទេស សេវាធនាគារចល័ត និងភាគីដៃគូដទៃទៀត។ យើងកំពុងរង់ចាំការចាប់ផ្តើមធ្វើ ប្រតិបត្តិការសេវាហិរញ្ញវត្ថុ ជាមួយ លី ហួរ វេរលុយ ដែលនេះជាការផ្តល់នូវសេវហិរញ្ញវត្ថុដ៏ប្រសើរមួយដល់អតិថិជនរបស់យើង។ យើងនឹងបន្តចាប់ដៃគូ លើកិច្ចសហប្រតិបត្តិការ សេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀតនាពេលខាងមុខ»

លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ វេរលុយ និងជាអនុប្រធានក្រុមហ៊ុន លីហួររគ្រុប បានថ្លែងថា លី ហួរ វេរលុយ គឺជាក្រុមហ៊ុនផ្ទេរប្រាក់ដ៏ធំមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដោយឈរលើចក្ខុវិស័យច្បាស់លាស់ និងរឹងមាំ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុក្រៅប្រព័ន្ធធនាគារ មានដូចជា សេវាផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ បង់ទឹក បង់ភ្លើង សំរាម បសសបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ជាច្រើនទៀត ជាមួយកម្រៃសេវាសមរម្យ។

លោកថា លីហួរវេរលុយមានបំណងពង្រីកភ្នាក់ងារ ឲ្យបានចំនួន១០,០០០ទីតាំង នៅទូទាំងប្រទេសក្នុងឆ្នាំ២០២១។ លើសពីនេះ យើងមានគម្រោងដាក់ឲ្យដំណើរការ កម្មវិធី លី ហួរ ផេ (APP) ដើម្បីឲ្យអតិថិជន និងអ្នកប្រើប្រាស់ដទៃទៀតមានជម្រើសសម្បូរបែប និងមានភាពងាយស្រួលក្នុងកាប្រើប្រាស់សេវារបស់យើង តាមរយៈទូរសព្ទដៃផ្ទាល់ខ្លួន។

លោកបន្ដទៀតថា យោងតាមចក្ខុវិស័យ និងបេសសកម្មនេះ យើងជឿជាក់ថា លី ហួរ ផេប្រ៉ូ និងដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងសហការគ្នាលើផ្នែកដទៃទៀតនៃសេវាហិរញ្ញវត្ថុដែលខ្លួនមាន ក្នុងន័យជួយសន្សំសំចៃ នឹងផ្តល់ភាពងាយស្រួលជូនអតិថិជន។

ដើម្បីអបអរសាទរ ការចាប់ផ្តើមកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ អតិថិជនរបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលធ្វើការទូទាត់ប្រាក់កម្ចីតាមរយៈភ្នាក់ងារលី ហួរ វេរលុយ នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនជាច្រើនគ្រឿង រយៈពេលបីខែ ចាប់ពីខែសីហា រហូតដល់ ខែតុលា ឆ្នាំ ២០២០៕