(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានដឹកនាំសមាជិក ជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដើម្បីសិក្សាស្វែងយល់នៃការអនុវត្តច្បាប់លើវិស័យសាធារណការ និងដឹកជញ្ជូន, ប្រៃសណីយ៍ និងទូរគមនាគន៍, ឧស្សាហកម្ម រ៉ែ និងថាមពល, ពាណិជ្ជកម្ម, កាំកុងត្រូល, ការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលថ្នាក់ខេត្តដឹកនាំដោយ លោក អម សុភា អភិបាលខេត្តស្តីទី, លោក ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជាច្រើនទៀត។

លោក អម សុភា បានរាយការណ៍ដោយសង្ខេបជូនប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភានូវស្ថានភាពទូទៅ និងលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបានកន្លងមក និងពិភាក្សា ពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនិងវិស័យខាងលើ។

លោកស្រី និន សាផុន បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលបានអនុវត្តច្បាប់បានត្រឹមត្រូវ និងប្រតិបត្តិតាមតួនាទី និងភារកិច្ចសម្រេចបាននូវវឌ្ឍនភាព រីកចម្រើនទាំងខាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត គួរជាទីមោទនៈ។

លោកស្រី និន សាផុន បានបន្តថា កិច្ចប្រជុំនៅពេលនេះ ក្តាប់នូវបញ្ហាប្រឈមនានា របស់រដ្ឋបាលខេត្ត និងវិស័យជំនាញដែលអនុវត្តទៅជួបបញ្ហាកន្លងមក ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងដោះស្រាយជូនឱ្យបានទាន់ពេលវេលា។ ជាពិសេសជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តពង្រឹងនូវការអនុវត្តច្បាប់បន្ថែមទៀត សំដៅឱ្យការអនុវត្តការងាររបស់ខ្លួន សម្រេចបានជោគជ័យស្របតាមច្បាប់។

លោកស្រី និន សាផុន ក៏បានផ្តាំផ្ញើដល់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរជំនាញត្រូវបន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ឲ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្នផងដែរ៕