(កណ្តាល)៖ លោកយាយ អ៉ឹម ញ៉ិល អាយុ៨៤ឆ្នាំ ត្រូវបានកូនប្រុសបង្កើតឈ្មោះ រស់ បូរ អាយុ៥៦ឆ្នាំ និងកូនប្រសារស្រី អាយុ៥៤ឆ្នាំ ទាមទារដីពីរកន្លែងរបស់លោកយាយធ្វើជាកម្មសិទ្ធិ ដោយអះអាងថាបានទិញពីឪពុកខ្លួនដែលបានស្លាប់បាត់ជាច្រើនឆ្នាំមកហើយ។ វិវាទដីធ្លីដ៏រ៉ាំរ៉ៃរយៈពេល១៣ឆ្នាំនេះ គឺកើតមាននៅលើផ្ទៃដីចំនួនពីរទីតាំង ដែលមានទំហំសរុប ៦,១៥៨ម៉ែត្រការ៉េ ដែលជាដីកម្មសិទ្ធិរបស់លោកយាយ អ៉ឹម ញិល នៅភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដីទាំងពីរទាំងខាងលើនេះលោកយាយ បានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។ ដែលដីមួយទីតាំងមានបណ្ណកាន់កាប់ចេញដោយអាជ្ញាធរមូលដ្ឋាន ៤៩៩ លបជ ចុះថ្ងៃទី២៤ ខែ១២ ឆ្នាំ២០១២។

វិវាទដីធ្លីនេះ លោកយាយ អ៉ឹម ញ៉ិល បានព្យាយាមហៅកូនបង្កើត និងកូនប្រសារមកសម្របសម្រួលអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនទទួលបានលទ្ធផល។ រហូតលោកយាយស្នើឱ្យអាជ្ញាធរភូមិ ឃុំ ស្រុកឱ្យជួយដោះស្រាយអស់រយៈពេលជាច្រើនឆ្នាំថែមទៀត ក៏ប៉ុន្តែនៅតែមិនទទួលបានលទ្ធផល។ ផ្ទុយទៅវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កូនប្រុសបង្កើត និងកូនប្រសារស្រី បានប្តឹងលោកយាយ និងកូនប្រុសច្បងឈ្មោះ រស់ រួន នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពីបទ «រំលោភកាន់កាប់អចលនវត្ថុមិនស្របច្បាប់» ទៅវិញ។

ក្រោយបានចូលបំភ្លឺតាមការកោះហៅតុលាការ លោកយាយ អ៉ឹម ញ៉ិល និងកូនប្រុសច្បងឈ្មោះ រស់ រួន ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញព្រោះគ្មានភស្តុតាងគ្រប់គ្រាន់។ ស្រាប់តែនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ លោកយាយ អ៊ឹម ញ៉ិល និងកូនប្រុសច្បង ត្រូវបានអយ្យការអមសាលាដំបូង ខេត្តកណ្តាល ចេញដីកាកោះហៅឱ្យចូលបំភ្លឺលើករណី «ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» បន្ថែមទៀត ដែលចំណុចនេះទាំងនេះគឺផ្ទុយស្រឡះចំពោះករណីជាក់ស្តែងដែលកើតមានលើរូបលោកយាយ។

ក្រោយពីមានការជួយជ្រោមជ្រែងផ្នែកច្បាប់ពីសំណាក់ក្រុមមេធាវីរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលខ្លួនបំភ្លឺចំពោះដីកាកោះហៅរបស់អយ្យការអមសាលាដំបូង ខេត្តកណ្តាល ពីសំណាក់លោកយាយ អ៊ឹម ញ៉ិល និងកូនប្រុសច្បងឈ្មោះ រស់ រួន រួចមក ព្រះរាជអាជ្ញា បានចេញដីកាតម្កល់រឿងទុកឥតចាត់ការ ដោយហេតុថាលោកយាយ និងកូនប្រុសច្បង មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ពីសំណាក់កូនប្រុសឈ្មោះ រស់ បូរ និងកូនប្រសារស្រីឈ្មោះ ឈិន ចាន់ធឿន នោះទេ គឺមានន័យថាធាតុផ្សំបទល្មើសមិនគ្រប់គ្រាន់។

ដោយអត់ទ្រាំនឹងការឈឺចាប់លែងបាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោកយាយ អ៉ឹម ញ៉ិល ក៏បានសម្រេចចិត្តដាក់ពាក្យគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មេត្តាជួយរកយុត្តិធម៌ដល់រូបគាត់។ ព្រោះការដោះស្រាយកន្លងមក គឺពុំទទួលបានលទ្ធផលសម្រាប់មនុស្សចាស់វ័យ៨៤ ដែលត្រូវបានកូនប្រុសបង្កើតនិងកូនប្រសារស្រីបានប្រព្រឹត្តិមកលើរូបលោកយាយ។

លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីបានបញ្ជូនសំណើសុំលោកយាយទៅកាន់ស្នងការខេត្តកណ្តាល ដើម្បីជួយពិនិត្យស្វែងរកការពិតជូនលោកយាយ។ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងអាជ្ញាធរស្រុក បានចុះសាកសួរប្រមូលព័ត៌មានដោយផ្ទាល់ចំពោះទីតាំងដីដែលមានវិវាទទាំងពីរទីតាំងខាងលើ និងបានសិក្សាលើឯកសារភស្តុតាងមួយចំនួន ព្រមទាំងស្តាប់ការបំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន ដែលបានបញ្ជាក់ច្បាស់ថា កូនប្រសារស្រីរបស់គាត់កាន់កាប់ទីតាំងដីខាងលើដោយមិនមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ។

បន្ទាប់មកអាជ្ញាធរបានបង្កើតគណៈកម្មការមួយសម្រាប់សម្របសម្រួលករណីវិវាទីដីធ្លីរវាង លោកយាយ អ៉ឹម ញ៉ិល និងកូនប្រុសបង្កើត និងកូនប្រសាស្រី ដែលការសម្របសម្រួលនេះគឺបានធ្វើនៅសាលាស្រុកកាលពីសប្តាហ៍មុន ដោយកូនប្រុសនិងកូនស្រីបានយល់ព្រមផ្តល់ប្រាក់អោយលោកយាយ $3,000 (បីពាន់ដុល្លារ) ដើម្បីបញ្ចប់វិវាទនេះ។ លោកយាយ អ៊ឹម ញិល មិនយល់ព្រម ព្រោះដីទាំង២ប្លង់នោះជាដីរបស់គាត់ ហើយតម្លៃដីមកទល់សព្វថ្ងៃគឺមួយកន្លែងអាចលក់បាន $40,000 (បួនម៉ឺនដុល្លារ)។ ភាគីខាងកូនគិតតែកេងចំណញលើម្តាយបង្កើតខ្លួន ហើយមិនព្រមធ្វើសម្បទានជូនម្តាយអោយបានសក្តិសម នឹងទំហំនៃក្តីស្រឡាញ់និងព្រហ្មវិហារធម៍របស់ម្តាយឡើយ។

កាលពីល្ងាចថ្ងៃសុក្រទី ៣១ ខែកក្កដា ឆ្នាំ២០២០ លោក ដួង តារា បានឆ្លៀតពេលទៅជួបលោកយាយ អ៉ឹម ញិល និងកូនប្រុសបង្កើត និងកូនប្រសារនៅទីតាំងទំនាស់ដីខាងលើ។ កូនប្រុសមិនយល់ព្រមអោយមានអ្នកណាចូលរួមសម្របសម្រួលទេ ហើយបានបញ្ជាក់ដាច់ខាតគឺមិនអោយដីលោកយាយទេ ប៉ុន្តែអាចអោយជាលុយចំនួនតែ $3,000 ម្តាយព្រមយកឬមិនយកគឺមិនដឹង។ ដោយសារស្ថានភាពមិនអាចនិយាយគ្នាបាន លោក ដួង តារា បានអញ្ជើញកូនប្រុសបង្កើត និងកូនប្រសារស្រីអោយមកជជែកគ្នានៅវិមានសន្តិភាពដើម្បីស្វែងរកដំណោះស្រាយ។

កូនប្រុសបង្កើតលោកយាយបានយល់ព្រមអោយប្រពន្ធខ្លួនមកជជែកដោះស្រាយបញ្ចប់វិវាទដោយមិនចាំបាច់មានវត្តមានរូបគាត់មកទេ។ បើប្រពន្ធព្រមគាត់ក៏ព្រមដែរ។

នៅព្រឹកថ្ងៃទី ៣ សីហា ឆ្នាំ ២០២០ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានអញ្ជើញ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាយកការិយាល័យព្រមទ័ណ្ឌកម្រិតស្រាល អធិការនគរបាលស្រុក អភិបាលរងស្រុក ប្រធានការិយាល័យភូមិបាលស្រុក ប្រធានការិយាល័យនីតិកម្មស្រុក មេឃុំសន្លុង មេភូមិកណ្តាល មេភូមិសន្លុង ព្រមទាំងមេធាវីស្ម័គ្រចិត្តមួយចំនួនចូលរួមពិភាក្សាសម្របសម្រួលដោះស្រាយឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន។

ក្រោយពីបានទទួលពិនិត្យឯកសារភស្តុតាងគ្រប់គ្រាន់ ជាមួយនឹងចម្លើយពីភាគីទាំងពីរ ព្រមទាំងចម្លើយបំភ្លឺពីអាជ្ញាធរទាំងអស់រួចមក លោក ដួង តារា បានព្យាយាមសម្របសម្រួលផ្សះផ្សារវាងម្តាយ និងកូន ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពី លោកស្នងការខេត្តកណ្តាល, និងមន្រ្តីអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងនោះក៏មានការចូលរួមពី លោកយាយ អ៊ឹម ញ៉ិល ដែលតែងតែមានក្តីមេត្តាធម៌ដល់កូនទាំងពីរ បើទោះបីបានប្រព្រឹត្តខុសកំហុសឆ្គងកន្លងមករួមទាំងសកម្មភាពកូនទាំងពីរ ដែលមានបំណងរំលោភយកដីពីគាត់ទាំងបំពាន ក៏លោកយាយនៅបើកចិត្តទូលាយព្រមសម្របសម្រួលចែករំលែកទៅកូនវិញ ដោយក្នុងនោះលោកយាយបានសម្រេចចិត្តយល់ព្រមទទួលយកជាថវិកាត្រឹមតែ $២២,៥០០ (ពីរម៉ឺនពីរពាន់ប្រាំរយដុល្លារ) តែប៉ុណ្ណោះ ដោយយល់ព្រមប្រគល់ដីទាំងពីរកន្លែងខាងលើដែលមួយកន្លែងថ្លៃប្រហែល $40,000 ទៅអោយកូនទាំងពីរ ដើម្បីបញ្ចប់រឿងវិវាទនេះ។

ប្រាក់ដែលនឹងបានមកលោកយាយគ្រោងយកមកធ្វើបុណ្យដល់ប្តី និងកូនប្រុសរបស់គាត់ដែលបានពលីក្នុងជីវិតពេលធ្វើជាទាហាន ហើយក៏ជាអ្នកដែលត្រូវទទួលបានចំណែកដីខាងលើមួយកន្លែងដែលជាមរតករបស់លោកយាយផងដែរ។

ការសម្របសម្រួលថ្ងៃនេះអស់ពេលមួយព្រឹកពេញ គឺបានទទួលជោគជ័យដែលគ្រប់គ្នាទទួលយកបានដោយការពេញចិត្ត។ លោក ដួង តារា បានបញ្ជាក់ថា បើវិធីសម្របសម្រួលផ្សះផ្សាមិនអាចត្រូវគា្នទេ គឺមានតែធ្វើតាមច្បាប់ដើម្បីរកខុស និងត្រូវ ហើយដែលត្រូវចំណាយធនធាន និងពេលវេលាយ៉ាងយូរថែមទៀត ហើយមិនប្រាកដថាភាគីម្ខាងឈ្នះដាច់តែម្នាក់ឯងឡើយ ព្រោះការកាត់ក្តីគឺសម្អាងលើលិខិតស្នាមភស្តុតាងទាំងអស់ ដែលលោកកយាយមានពេញក្នុងដៃ។

ក្រោយពីបានផ្តិតមេដៃបញ្ចប់វិវាទឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោហើយ គឺអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញសុរិយោដី នឹងចុះទៅទីតាំងដើម្បីវាស់វែងដីធ្លីនេះដល់កូនប្រុសបង្កើតនិងកូនប្រសារដើម្បីចេញបណ្ណកម្មសិទ្ធិជូនស្របច្បាប់ចាប់ពីពេលនេះតទៅ។

លោកយាយ អ៊ឹម ញ៉ិល មានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ហើយលោកយាយបានសំពះគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ក្តីសណ្តោសប្រណីដល់រូបគាត់ដែលទទួលបានយុត្តិធម៍នៅនាទីចុងក្រោយនៃជីវិតរស់នៅក្នុងអាយុកាល៨៤ឆ្នាំ។

លោក ដួង តារា ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់ក្តីស្រឡាញ់មេត្តាករុណាសណ្តោសប្រណីដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណះ។ ព្រោះសុខទុក្ខពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេចទាំងទ្វេ។ លោក ដួង តារា បានគោរពជូនពរសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អរឹងមាំ អាយុយឺនយូរបំផុតដើម្បីជាម្លប់ដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ទន្ទឹមនឹងនោះដែរ លោក ដួង តារា ក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តកណ្តាល ប្រធានតុលាការខេត្ត, លោកស្នងការនគរបាលខេត្ត, ព្រះរាជអាជ្ញា, លោកអភិបាលស្រុកខ្សាច់កណ្តាល, ប្រធានសុរិយាដីស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានសហការល្អក្នុងការជួរកដំណោះស្រាយជូនប្រជាពលរដ្ឋដោយអនុវត្តតាមគោលការណ៍ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឱ្យទទួលបានជោគជ័យទាំងអស់គ្នា។

លោក ដួង តារា ក៏បានអរគុណផងដែរដល់មេធាវីស្ម័គ្រចិត្ត និងមេធាវីសម្តេចតេជោ ដែលតែងតែចូលរួមជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលា ឬផលកម្រៃអ្វីឡើយ។ លោកក៏បានអំពាវនាវឱ្យមន្រ្តីទាំងអស់រួមគ្នាកសាងអំពើល្អ ចែករំលែកសេចក្តីស្រឡាញ់ និងស្នាមញញឹម ព្រមទាំងគោរពស្រឡាញ់ពលរដ្ឋនៅគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕