(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាពីផែនការអភិវឌ្ឍនៅតំបន់ឆ្នេរកែបថ្មី ក្នុងភូមិសាស្ត្រ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ជាមួយក្រុមហ៊ុន (អាយ.ជី.ប៊ី)Cambodia Co.ltd របស់លោកឧកញ៉ា ជា សុខហេង។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាព អាជ្ញាធរដែនដីពាក់ព័ន្ធ និងក្រុមហ៊ុន (អាយ.ជី.ប៊ី) Cambodia Co.ltd ធ្វើឡើងនៅសាលាខេត្តកំពតនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងថា គម្រោងកិច្ចអភិវឌ្ឍ រមណីយដ្ឋានឆ្នេរកែបថ្មី គឺស្ថិតនៅក្នុងឃុំបឹងទូក ស្រុកទឹកឈូ គឺជាគម្រោងដែលផ្ដល់ការអនុញ្ញាត ពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ហៅថា (CDC) ឲ្យទៅក្រុមហ៊ុន (អាយ.ជី.ប៊ី) ដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរ ខ្សាច់កែបថ្មី លើគម្រោងផ្ទៃដី ចំនួន២៣០ហិចតា ក្នុងនោះក្រុមហ៊ុនទទួលដីចំនួន៦០ ភាគរយស្មើនឹង១២០ហិចតា ចំណែករដ្ឋបាលខេត្ត៤០ ភាគរយស្មើនឹង ៨០ហិកតា និង៣០ហិចតាទៀត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។

ដូច្នេះដើម្បីធានាឲ្យការអភិវឌ្ឍន៍គម្រោងនេះបានលឿនឆាប់រហ័សតាមផែនការ ប្រកបដោយប្រសិទ្ធភាព រដ្ឋបាលខេត្តនឹងបង្កើតឲ្យមានគណៈកម្មការមួយហៅថា គណៈកម្មការអភិវឌ្ឍរមណីយដ្ឋានឆ្នេរកើតថ្មី ប្រជុំក៏បានដាក់ចូលក្នុងរបៀបវារៈនេះផងដែរ ដោយមានសមាសភាពអភិបាលខេត្តជាប្រធាន អភិបាលរងខេត្ត១រូបជាអនុប្រធាន និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញមួយចំនួន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រធានក្រុមហ៊ុន អាយ.ជី.ប៊ី ជាសមាជិក ដើម្បីធានាដល់ការដឹកនាំ អភិវឌ្ឍរមណីយដ្ឋានឆ្នេរកែបថ្មីនេះ ប្រកបដោយគុណភាព សុវត្ថិភាព ធានានូវស្ថេរភាពបរិស្ថាន ដើម្បីបង្កើតបានជាផលិតផលទេសចរណ៍ថ្មី ក្នុងការទាក់ទាញទេសចរណ៍ មកកាន់ខេត្តកំពតច្រើន ស្របតាមផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត ៥ឆ្នាំ (២០១៩-២០២៣)។

ក្នុងកិច្ចប្រជុំនោះ ក៏បានផ្ដោតសំខាន់លើការពិភាក្សា និងមតិយោបល់ចូលរួមពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីកិច្ចសហការ គាំទ្រក្នុងដំណើរកិច្ចអភិវឌ្ឍលើគម្រោងផែនការ រមណីយដ្ឋានឆ្នេរកែបថ្មីនេះ ឲ្យបានប្រកបដោយនិរន្តរភាព ចីរភាព និងសោភ័ណភាព បរិស្ថានបានល្អ។ ហើយក្នុងកិច្ចប្រជុំនោះទៀតសោត ក៏បានធ្វើបទបង្ហាញពាក់ព័ន្្ធ ប្លង់គោលមេនៃគម្រោងផែនការ និងគោលដៅអភិវឌ្ឍ របស់ក្រុមហ៊ុន អាយ.ជី.ប៊ី។

បទបង្ហាញស្ដីពីផែនការអភិវឌ្ឍនៅតំបន់ឆ្នេរកែបថ្មី និងចក្ខុវិស័យ របស់លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសំរេច ស្ដីពីការបង្កើតគណៈកម្មការអភិវឌ្ឍរមណីយដ្ឋានកែបថ្មី ស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនអាយ.ជី.ប៊ី Cambodia Co.ltd និងរបាយការណ៍អភិបាលស្រុកទឹកឈូ ពាក់ព័ន្ធទៅនឹងលិខិតរបស់រដ្ឋបាល ឃុំបឹងទូក ស្ដីពីសំណើសុំចាត់អញ្ជើញក្រុមការងារខេត្ត ចុះត្រួតពិនិត្យការកាយព្រែកផ្លូវទឹកចេញចូលទូកនេសាទ របស់ប្រជាពលរដ្ឋដោយក្រុមហ៊ុន(អាយ.ជី.ប៊ី)។

គួររំលឹកថា ឆ្នេរខ្សាច់ថ្មីដែលជាឆ្នេរខ្សាច់សិប្បនិម្មិតមួយ ស្ថិតនៅចំណុចឆ្នេមាត់សមុទ្រ ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានចាប់ផ្តើមកសាងឡើង តាមគម្រោងរាជរដ្ឋាភិបាលកម្ពុជា ខណៈខេត្តកំពត ដែលពីមុនវិសាលភាពសមុទ្រ មានតែឆ្នេរ តែគ្មានឆ្នេរខ្សាច់ដូចខេត្តជាប់មាត់សមុទ្រដ៏ទៃទៀត។ រដ្ឋបាលខេត្តកំពតក្នុងអាណត្តិ លោកអភិបាលខេត្ត ជាវ តាយ បានផ្តួចផ្តើមឲ្យឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្តកំពត ឲ្យមានឆ្នេរខ្សាច់មួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត លេងកាន់តែច្រើនថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។ ហើយកំពតជាខេត្តទេសចរមួយជាប់សមុទ្រ ក្នុងភាគនារិតីនៃកម្ពុជា ដ៏មានប្រជាប្រិយភាព ដោយសារតែអំណោយផលពីធម្មជាតិ។

ខេត្តនេះមានតំបន់ទេសចរចំនួន១៧កន្លែងសំខាន់ៗ ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀត ដែលអាចទាក់ទាញភ្ញៀវ រហូតដល់ទៅជិតពីរលានឬជាង២លាននាក់ ចាប់ពីឆ្នាំ២០១៨ រហូតដល់ពេលនេះ។ ប៉ុន្តែខេត្តជាប់សមុទ្រមួយនេះ នៅមិនទាន់មានឆ្នេរខ្សាច់សម្រាប់ងូតទឹកកម្សាន្តនៅឡើយទេ ទើបតែដើមឆ្នាំ២០១៩នេះ ដោយមានគោលការណ៍ពីរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពត ដោយមានការជ្រោមជ្រែងគាំទ្រ ពីក្រសួងទេសចរណ៍ផង ក្រុមហ៊ុនខាងលើ បានទទួលការងាររៀបចំចាក់ដី និងខ្សាច់ដើម្បីអភិវឌ្ឍន៍តំបន់ឆ្នេរសម្រាប់កម្សាន្ត លើផ្ទៃដីប្រមាណ២០០ហិកតា ហើយគម្រោងចំណាយថវិកាប្រមាណជិត២,០០០លានដុល្លារ។ បើតាមគម្រោង តំបន់ឆ្នេរនេះ នឹងមានអគារខ្ពស់ៗ សណ្ឋាគារផ្តាយប្រាំ មានមន្ទីរពេទ្យ សាលារៀន កំពង់ផែរ ផ្សារលក់ផលិតផលសមុទ្ររបស់អ្នកភូមិជាដើម៕