(ស្វាយរៀង)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤៖០៣នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយកំពង់សឹង្ហ ទ្វារចរន្តទី៤ មូលហេតុដោយសារ មានរថយន្តដឹកដី លើកបែនទាក់ខ្សែបណ្ដាញតង់ស្យុងទាប (LV) បណ្ដាលឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ចំនួន១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន នៅខេត្តស្វាយរៀង។

តំបន់ ដែលត្រូវដាច់ចរន្តអគ្គិសនី រួមមាន ១៖ ចាប់ពីភូមិស្វាយ រហូតដល់ភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង, ២៖ ឃុំកំពង់ចំឡង, ៣៖ ឃុំតាសួស, ៤៖ ឃុំចំបក់, ៥៖ ឃុំគ្រួស, ៦៖ ឃុំស្វាយធំ, ៧៖ ឃុំឈើទាល, ៨៖ ឃុំស្វាយជ្រំ, ៩៖ ឃុំគោកព្រីង, ១០៖ ឃុំអង្គតាសូ, ១១៖ ឃុំស្វាយអង្គ, ១២៖ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល និងដាំបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង១៨៖០០នាទីល្ងាចនេះ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាល ឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕