(ភ្នំពេញ)៖ កម្ពុជាបាននាំចេញអង្ករចំនួន ៤២៦,០៧៣តោន ក្នុងរយៈពេល៧ខែ នៅក្នុងឆ្នាំ២០២០ ដែលគិតជាកំណើន មានប្រមាណជា៣៨.៣៣% ធៀបទៅនឹង រយៈពេលដូចគ្នា ឆ្នាំ២០១៩។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្គរកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ចំពោះកំណើននៃការនាំចេញអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២០នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារកត្តាមួយចំនួនដូចជា៖

១៖ តម្រូវការស្បៀងក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅតាមបណ្តាប្រទេសនាំចូល
២៖ ការថយចុះនៃអត្រាពន្ធនាំចូលរបស់អង្ករកម្ពុជា ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ពី១៧០អឺរ៉ូ មក១៥០អឺរ៉ូ
៣៖ បរិមាណ និងសុពលភាពនៃកូតា នាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារចិន នៅមានចំនួនច្រើន រួមនឹងការធ្វើពិពិធកម្មទីផ្សារ ទៅកាន់ទីផ្សារហុងកុង អូស្ត្រាលី រុស្សី និង ញូហ្សេឡេនជាដើម
៤៖ ការធ្វើពិពិធកម្មប្រភេទអង្ករ ពីអង្ករកិនធម្មតាទៅរកទីផ្សារអង្ករសម្រូប អង្ករសរីរាង្គ
៥៖ ការរក្សាបានកំណើនទីផ្សារ នៅក្នុងប្រទេសម៉ាឡេស៊ី ប្រទេសប្រ៊ុយណេ និងប្រទេសហ្កាប៊ុង ដែលប្រទេសទាំង៣នេះ កាន់កាប់ចំណែកទីផ្សារប្រទេសកម្ពុជា ជិត១៥% នៃបរិមាណអង្ករនាំចេញសរុប។

សហព័ន្ធស្រូវអង្គរកម្ពុជាបានគូសបញ្ជាក់ថា «សម្រាប់រយៈពេល៧ខែ នៃឆ្នាំ២០២០នេះ ចំណូលដុលពីការនាំចេញអង្ករ បានចំនួន ២៨៥.៨០លានដុល្លាសហរដ្ឋអាមេរិក»

ចំពោះការនាំចេញអង្ករប្រចាំខែកក្កដា ដែលជាទូទៅ គឺជាខែដែលការនាំចេញបានចំនួនតិចជាងគេ នៃចំនួនខែទាំងអស់ប្រចាំឆ្នាំ គិតជាមធ្យមក្នុងខែកក្កដានេះ មានប្រហែលជា ២៦,០០០តោន ក្នុងមួយខែ ដោយសារខែកក្កដា ជាខែចុងរដូវនៃស្តុកស្រូវស្រាល ដូចជាសែនក្រអូប សុមាលី និងពពួកស្រូវប្រកាន់រដូវ ដូចជាផ្ការំដួលផងដែរ។

សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករចំនួន ២៨,៤១៣តោន ដែលមានបរិមាណប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៥ បាននាំចេញចំនួន ២៨,៤៩២តោន តែខុសគ្នាត្រង់ខែកក្កដា ឆ្នាំ២០២០ ភាគច្រើនជាអង្ករក្រអូប អង្ករសរីរាង្គ ខណៈដែលឆ្នាំ២០១៥ ភាគច្រើនជាអង្ករសធម្មតា។

ការនាំចេញក្នុងខែកក្កដា ឆ្នាំ២០២០ គិតជាទឹកប្រាក់បានចំនួន ២០.១២លានដុល្លារសហរដ្ឋអាមេរិក។

ប្រភេទអង្ករនាំចេញ៖ ចាប់តាំងពីឆ្នាំ២០១៦ ឃើញថាកំណើននៃការនាំចេញអង្ករក្រអូប មានកំណើនជាលំដាប់ រីឯអង្ករស និងអង្ករចំហុយមានទំនោរធ្លាក់ចុះ ជាគំហុកចាប់ពីឆ្នាំ២០១៨មក តែមានកំណើនវិញខ្លះ នៅឆ្នាំ២០២០ ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ រីឯអង្ករសរីរាង្គ នៅមានទំនោរកំណើនជាបណ្តើរៗ។

សំរាប់រយៈពេល៧ខែ ក្នុងឆ្នាំ២០២០នេះ អង្ករក្រអូបមានកំណើនប្រមាណជិត៣២% ហើយអង្ករស មានកំណើនកើនជាង៨២% ហើយអង្ករសរីរាង្គ មានកំណើនជាង១៦% បើប្រៀបទៅរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩៕