(ស្វាយរៀង)៖ លោក ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមបើកកញ្ចប់វត្ថុតាងគ្រឿងញៀន នៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីត្រៀមដុតបំផ្លាញចោលនៅថ្ងៃទី៤ ខែសីហា ស្អែកនេះ ក្រោមអធិបតីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ។

ពិធីនេះមានការចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងលោក ខាំ សុផារី ព្រះរាជអាជ្ញាខេត្តស្វាយរៀង, អភិបាលរងខេត្ត ព្រះរាជអាជ្ញារងទាំង៤ខេត្ត ព្រមទាំងសមត្ថកិច្ចជំនាញគ្រឿងញៀនជាច្រើនរូបផងដែរ។

លោក ប៉ុក ម៉ាន់នី បានថ្លែងថា រយៈកាលកន្លងមក ប្រជាពលរដ្ឋមួយចំនួន តែងតែមានការងឿងឆ្ងល់ និងសួរថាសមត្ថកិច្ចក្រោយប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនរួច តើវត្ថុតាងបញ្ជូនទៅណា ? យកទៅណា ? តើពេលណាគេដុតកម្ទេចចោល? ជាក់ស្ដែងសម្រាប់ខេត្តស្វាយរៀង នេះជាលើកទី២ហើយ ដែលអាជ្ញាធរពាក់ព័ន្ធ ដុតកម្ទេចចោលគ្រឿងញៀនទាំងអស់នេះ។

លោកបានបន្តថា កម្មវិធីដុតបំផ្លាញគ្រឿងនេះ ជាគោលដៅរបស់រាជរដ្ឋាភិបាល ដែលដាក់ឲ្យអនុវត្តដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យមានទិវាថ្ងៃ២៦ ខែមិថុនា គឺជាទិវាប្រារព្ធឡើងដើម្បីដុតបំផ្លាញគ្រឿងញៀន តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ក៏បានលើកឡើងពីសំណុំរឿងស្ត្រីខ្មែរ ដែលត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិតពីបទ ជួញដូរគ្រឿងញៀនឆ្លងដែនផងដែរ។ លោកថា សំណុំរឿងនេះ មិនទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ពោលគឺនៅសល់ដំណាក់កាលជម្រះក្ដី នៅថ្នាក់ឧទ្ធរណ៍បន្តទៀត។ ដំណាក់កាលឧទ្ទរណ៍ គឺមានជំនួយផ្នែកច្បាប់ពីក្រសួងយុត្តិធម៌កម្ពុជា ដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់វៀតណាម។

សូមបញ្ជាក់ថា គ្រឿងញៀន និងវត្ថុតាងដែលត្រូវដុតបំផ្លាញចោលមាន៤ខេត្តរួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ស្មើរនិង៥២២សំណុំរឿងក្នុងនោះគ្រឿងញៀនជាង៣៦គីឡូក្រាម, សារធាតុគីមី ២២៦៨,៨៩g និងកញ្ឆា៨,៩៦g៕