(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីទោ ពេជ្រ វណ្ណា នាយករងទីចាត់ការ ការងារព្រំដែនអគ្គបញ្ជាការ និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំរបស់ការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានណែនាំឲ្យកម្លាំងនៅតាមព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដើម្បីការពារជំងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ មន្ដ្រីជំនាញបានទ្បើងអានរបាយការណ៍ ការងារដែលអង្គភាពបានដាក់ចេញ និងការអភិវឌ្ឍរបស់អង្គភាព ចំពោះការងាររបស់អង្គភាពការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ កន្លងមកទាំងការអនុវត្ត ការទប់ស្កាត់ ការបង្ក្រាប មានលក្ខណៈល្អប្រសើគួរឲ្យកត់សម្គាល់ ការអភិវឌ្ឍន៍មានការរីកចម្រើនលើគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានអះអាងថា ក្នុងកិច្ចប្រជុំមានគោលបំណងដាស់តឿនដល់កងកម្លាំង យកចិត្តទុកដាក់បញ្ហាការទប់ស្កាត់នូវជំងឺកូវីដ១៩ រលកទី២ និងទប់ស្កាត់ពលករចាញ់បោកមេខ្យល់លួចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ តាមច្រករបៀងផ្សេងៗ តាមបណ្តោយព្រំដែនកម្ពុជាថៃ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានកោតសសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ចំពោះការងាររបស់អង្គភាព ហើយត្រូវយកចិត្តទុកដាក់អនុវត្តបន្តទៀត ធ្វើយ៉ាងណាឲ្យការងាររបស់ការរិយាល័យ កាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់បង្កបង្កើនផលការដាំដុះបន្លែគ្មានជាតិគីមី និងសត្វដើម្បីផ្គត់ផ្គង់ក្នុងអង្គភាព។

លោកក៏បានដាស់តឿនដល់កងកម្លាំង ពេលត្រទ្បប់ទៅគោលដៅវិញនោះ ត្រូវចេះសហការគ្នាជាមួយអាជ្ញាធរប្រទេសជិត ដើម្បីនាំគ្នាទប់ស្កាត់នូវជំងឺកូវីដ១៩ ទោះបីប្រទេសកម្ពុជាពុំមានអ្នកស្លាប់ក៏ដោយ តែត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ហើយនាំគ្នាទប់ស្កាត់ពលករ ដែលបានចាញ់បោកមេខ្យល់តាមច្រករបៀងផ្សេងៗ។ បន្ថែមពីនេះ ត្រូជួយសម្រួលដល់កសិករ ដែលដឹកកសិផលកសិកម្មចូលក្នុងទឹកដីថៃផងដែរ៕