(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ក្នុង កិច្ចប្រជុំពេញអង្គយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល(យ.គ.ក)។

កិច្ចប្រជុំយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនាពេលម្សិលមិញនេះបានប្រារព្វឡើងនៅក្នុងវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

កិច្ចប្រជុំបានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការកែសម្រួល និងបំពេញគោលការណ៍អំពីរចនាសម្ព័ន្ធនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសេចក្តីសម្រេច ស្តីពីការកែសម្រួលតួនាទី ភាកិច្ចនៃរចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងន័យជំរុញការយល់ដឹង និងពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារ ព្រមទាំងបានលើកទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់រូប គ្រប់ថ្នាក់ក្នុងការអនុវត្តភារកិច្ចការងារ និងបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើមស្របតាមមាគ៌ា និងទិសដៅរបស់គណបក្សប្រជាជនកម្ពុជា។ លោកប្រធានក៏បានណែនាំឱ្យយុវជនគណបក្សថ្នាក់កណ្តាលទាំងអស់បន្ត អនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តបម្រើប្រជាជនតាមតម្រូវការ ទាន់ពេលវេលានិងកាលៈទេសៈជាក់ស្តែង៕